នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ នេះ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជាផ្លូវការ ដើម្បីធ្វើជាគោលការណ៍គ្រឹះដ៏រឹងមាំសម្រាប់ប្រតិបត្តិការងារសារព័ត៌មានឲ្យកាន់តែល្អប្រសើរឡើង។ យោងតាមប្រសាសន៍ឯកឧត្ដម នេត្យ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការដាក់ឲ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នាទីស្ដីការក្រសួងព័ត៌មាន បានពន្យល់ថា ធម្មនុញ្ញនេះ ជាយន្តការមួយសម្រាប់ជំរុញឲ្យមានសណ្ដាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ធានាគុណភាពព័ត៌មាន និងលើកកម្ពស់តម្លៃអ្នកសារព័ត៌មាន។

យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បុព្វហេតុដែលនាំឲ្យតាក់តែងនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះឡើង ទី១ គឺកត្តាវិវដ្ដនៃសម័យកាល ដែលធ្វើឲ្យលិខិតបទដ្ឋានគតិយុត្តិចាស់ មិនអាចគ្រប់គ្រងបានគត់មត់ និងមានចន្លោះប្រហោងបណ្ដាលឲ្យខូចសណ្ដាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។ ត្រង់នេះក៏ចង់បញ្ជាក់ផងដែរថា ក្នុងវិស័យសារព័ត៌មានកម្ពុជាចាប់តាំងពីឆ្នាំ១៩៨០ មក មានលិខិតបទដ្ឋានគតិយុត្តិតែមួយគត់ គឺច្បាប់ស្ដីពីរបបសារព័ត៌មាន សម្រាប់ធានាសណ្ដាប់ធ្នាប់សារព័ត៌មានក្នុងប្រទេស។ កត្តាទី២ គឺមជ្ឈដ្ឋានក្នុងវិស័យសារព័ត៌មាន ហាក់មានលក្ខណៈអួអាប់ ព័ត៌មានគ្មានគុណភាព ខណៈទំនោរនៃព័ត៌មានបំពុលក៏រីករាលដាលជាសកលកាន់ច្រើនឡើងៗ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីពន្យល់ថា ត្បិតច្បាប់ស្ដីពីរបបសារព័ត៌មាន បានចង្អុលឲ្យអង្គការ សមាគម និងអង្គភាពសារព័ត៌មានអាចតាក់តែងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អនុវត្តក្នុងក្របខណ្ឌអង្គការ សមាគមន៍ និងអង្គភាពខ្លួនឯង ហើយមានលក្ខណៈស្របគ្នាខ្លះក៏ដោយ ប៉ុន្តែក៏នៅតែមានចំណុចមិនស្របគ្នាមួយចំនួន នាំឲ្យមានការខ្វែងគំនិតគ្នា ដែលមិនអាចយកទៅអនុវត្តជាគោលការណ៍រួមបាន។ ដូច្នេះក្រសួងព័ត៌មានបាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ពីបណ្ដាអង្គការ សមាគម និងអង្គភាពសារព័ត៌មាននានា ដើម្បីប្រមូលធាតុចូលសំខាន់ៗ មានប្រយោជន៍ និងចាំបាច់ ដើម្បីតាក់តែងសេចក្ដីព្រាងធម្មនុញ្ញនេះឡើង និងឈានទៅសម្រេចដាក់ឲ្យអនុវត្តជាផ្លូវការនៅសប្ដាហ៍ទី១ នៃខែសីហា ឆ្នាំ ២០២៤ នេះ។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាគោលការណ៍រួម នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាំងឡាយ ដែលដាក់ឲ្យអនុវត្តដោយមានលក្ខណៈទន់ភ្លន់ មិនចាប់បង្ខំ និងមិនបញ្ញត្តិទោសទណ្ឌនោះទេ។ ហើយអង្គការ សមាគម និងអង្គភាពសារព័ត៌មាននានា នៅតែអាចតាក់តែងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អនុវត្តិក្នុងស្ថាប័នខ្លួន ដែលស្របទៅតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរបស់ក្រសួង។
ជាមួយនឹងការប្រកាសដាក់ឲ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្ដីពីរបបសារព័ត៌មានក៏កំពុងតាក់តែងឡើងផងដែរ ដោយយកច្បាប់ចាស់ និងធម្មនុញ្ញថ្មីនេះជាមូលដ្ឋានគ្រឹះ។ ច្បាប់ស្ដីពីរបបសារព័ត៌មាន ជាលិខិតបទដ្ឋានគតិយុត្តិ ដែលមានលក្ខណៈតឹងរ៉ឹង និងចែងច្បាស់លាស់ពីទោសបញ្ញត្តិ ចំពោះបទល្មើសដែលកើតមានឡើង ក្នុងន័យការពារសិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិពលរដ្ឋ៕
អត្ថបទ៖ ឈិន ធារ៉ាត់

