បន្ទាប់ពីធ្វើការពិធីចាប់ឆ្នោតរួមរាល់នៅព្រឹកថ្ងៃទី៧ សីហានេះ ការប្រកួតខេមបូឌានលីគនារី Cambodian Women’s League ឆ្នាំ២០២៤ នឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៅថ្ងៃសៅរ៍ ទី១៧ សីហា ២០២៤ ដែលមានចំនួន ៥គូ និង៥ទិលានផ្សេងគ្នា។

ក្នុងពិធីចាប់ឆ្នោត និងសិក្ខាសិលាស្ដីពីច្បាប់នៃការប្រកួត នាព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកស្រី ពុធ ធីតា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានគណៈកម្មាធិការបាល់ទាត់នារី លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងសមាជិកតំណាងក្រុម/ក្លិប ទាំង១០។
កម្មវិធីប្រកួត លីគនារី Cambodian Women’s League ឆ្នាំ២០២៤ សប្ដាហ៍ទី១៖

ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូបមន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុមដែលមាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន ៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក ១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។
សូមបញ្ជាក់ផងដែរថា ដោយមានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួមប្រកួតប្រជែងក្នុងការប្រកួតលីគនេះ។ ការប្រកួតខាងលើនេះ មានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹងបញ្ចប់។ ការប្រកួតគ្រោង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕


