បាត់ដំបង៖ ប្រជាពលរដ្ឋភាគច្រើនជាកសិកររស់នៅក្នុងឃុំព្រែកនរិន្ទប្រមាណជាង ៣០០នាក់បានប្រមូលផ្តុំគ្នានៅមុខសាលាស្រុកឯកភ្នំ ស្នើរសុំឲ្យរដ្ឋបាលស្រុកជួយផ្លាស់ប្តូរកែប្រែដីអាស្រ័យផលតំបន់ ២កំពង់ធ្វើបច្ចុប្បន្នប្តូរមកជាដីតំបន់ ១វិញដើម្បីមានសិទ្ឋកាន់កាប់អាស្រ័យផល។

ប្រភពសមត្ថកិច្ចនៅកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា: ប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅមុខសាលាស្រុកនៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤នេះប្រមាណជាង ៣០០នាក់ មកពីភូមិចំនួន ៥ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ មានគោលបំណងសុំឱ្យរដ្ឋបាលស្រុកឯកភ្នំជួយស្នើរសុំដល់ថ្នាក់លើកែប្រែផ្លាស់ប្តូរដីអាស្រ័យផលតំបន់២ សព្វថ្ងៃមកជាដីតំបន់ ១វិញងាយស្រួលក្នុងការគ្រប់គ្រងដាំដុះដំណាំផ្សេងៗចិញ្ចឹមជីវិតរស់នៅ។

ប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ខាងលើមកពីភូមិអន្សងសក, ភូមិរាជដូនកែវ, ភូមិដួងមារ, ភូមិរហាលសួង និងភូមិស្តី។ ពួកគាត់បញ្ជាក់ថា: ដីអាស្រ័យផលដែលឋិតក្នុងដីតំបន់២ បច្ចុប្បន្នក្នុងប័ណ្ណអាស្រ័យផលអាជ្ញាធរដាក់ដោយកំណត់ថាជាដីខ្ចីរដ្ឋអាស្រ័យផល ដូច្នេះពួកគាត់មិនចង់បានបែបហ្នឹង។

លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំបានបញ្ជាក់ថា: ការប្រមូលផ្តុំគ្នារបស់បងប្អូនប្រជាពករដ្ឋនេះមិនមានការសម្រេចអ្វីមួយនោះទេក្រៅពីពន្យល់ពួកគាត់ឲ្យបានយល់អំពីច្បាប់ ខណ:ដើមឡើយបងប្អូនប្រជាពលរដ្ឋទាំងអស់នោះរស់នៅ និងអាស្រ័យនៅលើដីព្រៃលិចទឹកតំបន់ ២ ប៉ុន្តែថ្មីៗនេះរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីតំបន់ ២ ត្រង់ទីតាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដាក់ឲ្យពួកគាត់មានសិទ្ឋគ្រប់គ្រងកាន់កាប់រួចហើយ តែពេលនេះពួកគាត់មកសុំដីនៅខាងក្រោយផ្ទះគាត់ ឲ្យមានសិទ្ឋកាន់កាប់ទៀត។ ក្រោយការពន្យល់ផ្អែកតាមផ្លូវច្បាប់ បងប្អូនប្រជាពលរដ្ឋទាំងអស់បានយល់ និងបានរំសាយវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕
អត្ថបទ៖ ដំបងក្រញូង

