បាត់ដំបង៖ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមនុស្សចំនួន ១៧នាក់ ទៅសាលាដំបូងនៅព្រឹកមិញនេះ ក្រោយជាប់ពាក់ពន្ធ័ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបខារ៉ាអូខេក្នុងស្រុកជាប់ព្រំដែន។

នគរបាលការិយាល័យជំនាញបានបញ្ជាក់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចនៅព្រឹកមិញនេះបាននាំខ្លួនមនុស្សប្រុសស្រីចំនួន ១៧នាក់អនុវត្តច្បាប់ក្រោយឃាត់ខ្លួនកាលពីចុងសប្តាហ៍កន្លងមកក្នុងក្លឹបខារ៉ាអូខេមួយកន្លែង យ៉ីហោ ពិភពថ្មី ឋិតនៅក្នុងភូមិសាស្ត្រភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។

ក្នុងចំណោមជនជនសង្ស័យចំនួន ១៧នាក់នេះ មាន ស្ត្រី ០៩នាក់ ក្នុងនោះក៏មានម្ចាស់ទីតាំងមានឈ្មោះឡេង ណារ័ត្ន ភេទស្រី អាយុ ៤៩ឆ្នាំ ម្នាក់, ឈ្មោះសារី សាគី ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀន, ឈ្មោះសួន ម៉ាញ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាមេកាទាក់ទងយកថ្នាំញៀនមកលក់ក្នុងក្លឹប រួមទាំងឈ្មោះ វិញ គឹមហ៊ាង ភេទប្រុស អាយុ៣៥ ជាមេកានាំនារីទៅកំដរភ្ញៀវប្រើប្រាស់ថ្នាំញៀនផងដែរ រីឯជនសង្ស័យចំនួន ១៣នាក់ទៀតជាអ្នកប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះដែរសមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទកេតាមីន ចំនួន ០៣ថង់ ទម្ងន់ ១,១៣ក្រាម (ថ្នាំសុទ្ធ) ទូរស័ព្ទដៃចំនួន ១១គ្រឿង លោហៈធាតុពណ៌លឿង (ចិញ្ចៀន ០១វង់)
និងម៉ូតូចំនួន ០២គ្រឿងផងដែរបានបញ្ជូនអនុវត្តតាមវិធានការច្បាប់ទាំងអស់៕

អត្ថបទ៖ ដំបងក្រញូង

Share.