ក្រុមហ៊ុនខេមបូឌានព្រៀមៀរលីគ Cambodian Premier League បានប្រកាសម្ចាស់ឧបត្ថម្ភធំសម្រាប់រដូវកាល ២០២៤-២៥ នេះគឺក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដោយបានធ្វើពិធីចុះហត្ថលេខាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារ ខេវីអិល (KVL Hotel)។

គោលបំណងនៃការចុះ MOU រវាងក្រុមហ៊ុនទាំងពីរ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀតនាពេលអនាគត។
គោលដៅចម្បងរបស់ CPL គឺបង្កើនស្តង់ដារគុណភាពនៃក្លិបបាល់ទាត់ជាតិឱ្យក្លាយទៅជាក្លិបស្ដង់ដារក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាជាជំហានថ្មីមួយ និងជាចំណុចអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលមានអ្នកវិនិយោគ ដូចជាក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (គ្រុឌ) នៅក្នុង CPL ខណៈដែលមានអ្នកវិនិយោគកាន់តែច្រើន ធ្វើឱ្យលីគបាល់ទាត់កាន់តែប្រសើរ និងអាចផលិតគុណភាពកីឡាករជម្រើសជាតិកាន់តែច្រើន។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានសេចក្ដីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូឧបត្ថម្ភធំផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយមានការចូលរួមក្រោមអធិបតីភាព លោក កាំង សេន អនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។
វឌ្ឍនៈ ប្រ៊ូវើរី ជឿជាក់ថាការចូលរួមឧបត្ថម្ភនេះ នឹងជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែលេចធ្លោខ្លាំងក្លានៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ដោយសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា នៅតែបន្តគាំទ្រលើកស្ទួយវិស័យកីឡា ដើម្បីជាកម្លាំងចិត្ត និងអបអរសាទរដល់ក្រុមកីឡាករ និងក្រុមអត្តពលិកកម្ពុជាក្នុងប្រកួតនៅលើទីលានប្រកបដោយភាពជឿជាក់។ ក្រោមពាក្យស្លោក “លីគខ្លាំង, ជម្រើសជាតិខ្លាំង”៕


