អ្នកជំងឺកូវីដ១៩ យ៉ាងហោចណាស់ ១០នាក់បានស្លាប់នៅក្នុងអគ្គីភ័យ ដែលប្រទេសម៉ាសេដ្វានខាងជើងនេះបានរាយការណ៍ថា មានអគ្គីភ័យឆាបឆេះមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងតេតូវ៉ូ។
មន្ទីរពេទ្យដែលឆាបឆេះនេះ គឺជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ បណ្ដោះអាសន្ន ហើយបានបង្កឲ្យមានមនុស្សស្លាប់ក្នុងហេតុការណ៍នេះចំនួន ១០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១នេះ។

រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសនេះ បានបង្ហោះនៅលើបណ្ដាញសង្គម ធ្វីតធឺ (Twitter) ថា មនុស្សចំនួន ១០នាក់ត្រូវបានបញ្ជាក់ថា ស្លាប់ក្នុងគ្រោះថ្នាក់អគ្គីភ័យនេះ ប៉ុន្ដែតួលេខនេះអាចកើនឡើងបន្ថែមទៀត ព្រោះមានអ្នកជំងឺខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
បើតាមអាជ្ញាធរប្រទេសម៉ាសេដ្វានខាងជើងនេះ បានបញ្ជាក់ដែរថា ខាងមន្ត្រីនៅមិនទាន់ដឹងពីចំនួនអ្នកជំងឺស្ថិតក្នុងមន្ទីរពេទ្យពេលកំពុងកើតមានគ្រោះអគ្គីភ័យនៅឡើយទេ ខណៈក្រុមមន្ត្រីពន្លត់អគ្គីភ័យកំពុងតែព្យាយាមបាញ់ពន្លត់ភ្លើងឲ្យរលត់ជាស្ថាពរ និង ជួយសង្រ្គោះអ្នកជំងឺកូវីដ១៩ ដែលជាប់គាំងក្នុងមន្ទីរពេទ្យនេះផងដែរ។

គួរបញ្ជាក់ថា ករណីឆ្លង កូវីដ១៩ បាននិងកំពុងមានការកើនឡើងខ្លាំង នៅក្នុងប្រទេសម៉ាសេដ្វានខាងជើង ចាប់តាំងពីពាក់កណ្តាលខែសីហាមក ព្រោះមានប្រជាជនតិចជាង ៣០% ប៉ុណ្ណោះ បានចាក់វ៉ាក់សាំងកូវីដ១៩ ដែលជំរុញឲ្យរដ្ឋាភិបាលប្រទេសនេះ ដាក់ចេញនូវវិធានការរឹតត្បិតផ្សេងៗ ដូចជាការបង្ហាញលិខិតបញ្ជាក់សុខភាព ដើម្បីអាចចូលទៅកាន់ ទីកន្លែងសាធារណៈមួយចំនួន៕
ប្រភព៖ AP News

