ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៤-២៥ ចាប់ផ្តើមដំណើរការពីចុងសប្ដាហ៍នេះតទៅហើយ ដោយមានក្លិបជាសមាជិកចំនួន១១ ចុះបញ្ជីកីឡាករចូលរួមសរុបចំនួន ៣១៥នាក់ ខណៈមានកីឡាករចំនួន១០រូបមានវ័យចាស់ជាងគេបើធៀបនឹងកីឡាករផ្សេង។

សារព័ត៌មានត្រយង សូមជម្រាបជូនពីកីឡាករវ័យចំណាស់ទាំង១០ ដូចតទៅ៖
១) កាំង សេន វ័យ៤០ឆ្នាំ ៥ខែ
លោក កាំង សេន ជាប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ លោកកើតនៅខែកុម្ភៈ ឆ្នាំ១៩៨៤ ដោយក៏បន្តចុះឈ្មោះជាកីឡាករទៀតនៅរដូវកាលថ្មី ពោលគឺបន្តពាក់អាវលេខ៩ តួរនាទីជាខ្សែប្រយុទ្ធដដែល។ លោកបានចុះឈ្មោះជាកីឡាករតាំងពីក្លិបលោកចូលលេងក្នុងពានរង្វាន់លីគទី២ រហូតដល់មានឈ្មោះជាសមាជិកលីគកំពូលក្នុងឆ្នាំទី២នេះផងដែរ។

២) គួច សុកុម្ភះ វ័យ៣៧ឆ្នាំ៥ខែ
កីឡាករ គួច សុកុម្ភៈ ម្ចាស់អាវលេខ១០ នៅក្លិបណាហ្គាវើលដ៍ កើតនៅខែកុម្ភៈ ឆ្នាំ១៩៨៧។ រូបគេជាប្រធានក្រុម និងជាកីឡាករឆ្នើមមួយរូបនេះពេលបច្ចុប្បន្ន បើទោះជាមានវ័យច្រើនក្ដី ខណៈកីឡាករអាយុប្អូនៗមួយចំនួន បានប្រកាសព្យួរស្បែកជើងបណ្តើរៗហើយ។ កីឡាករមកពីខេត្តកំពង់ធំ រូបនេះលេងក្នុងទម្រង់ជាខ្សែបម្រើ ស្របពេលនេះជាឆ្នាំទី១៥ ហើយដែលរូបគេបន្តអាជីពនៅលីគកំពូលកម្ពុជា។ កាលពីរដូវកាលមុន រូបគេបង្ហាញខ្លួនគ្រប់ការប្រកួតនៅ CPL ដែលមាន២៣៧៨នាទី។

៣) TACHIBANA YUSUKE ជនជាតិជប៉ុន វ័យ៣៣ឆ្នាំ៩ខែ
ខ្សែបម្រើជនជាតិជប៉ុន TACHIBANA YUSUKE បានមកប្រកបអាជីពនៅប្រទេសកម្ពុជា ឆ្នាំទី២ហើយ ដោយចូលរួមជាមួយក្លិបបឹងកេត ក្នុងជើងទី២ កាកពីរដូវកាលមុន។ ម្ចាស់អាវលេខ២២ រូបនេះកើតនៅខែកញ្ញា ឆ្នាំ១៩៩០។ ទោះជាបានចូលរួមក្នុង CPL ជើងទី២ក្ដី ប៉ុន្តែរូបគេបង្ហាញខ្លួនលើទីលានបាន១៣៧៦នាទីផងដែរ។

៤) គួច ដានី វ័យ៣៣ឆ្នាំ ៨ខែ
គួច ដានី ជាខ្សែបម្រើឆ្នើមមួយរូប ដោយបច្ចុប្បន្នរូបគេរួមរស់ជាមួយក្លិបម្ចាស់ជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ខណៈគេកើតនៅខែតុលា ឆ្នាំ១៩៩០។ ដានី ជាកីឡាករម្នាក់ក្នុងចំណោម២នាក់ជាកេរ្តិ៍ដំណែលរបស់ព្រឹទ្ធាចារ្យ ប៉ែន ផាត ដែលដឹកនាំក្រុមកូនខ្មែរនៅអឺរ៉ុប មកប្រកួតមិត្តភាពនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១២ ពោលគឺជាមួយ ធារី ចន្ថាប៊ីន ស្របពេលដែល កុក បូរីស និង ប៉ែន ស្ថេហ្វេន បានបាត់មុខពីពិភពបាល់ទាត់ទៅហើយ។

៥) ឡេង មករា វ័យ៣៣ឆ្នាំ ៨ខែ
ខ្សែបម្រើស្លាប ឡេង មករា កើតនៅខែ វិច្ឆិកា ឆ្នាំ១៩៩០ ដោយរូបគេប្រកបអាជីពលើស១០ឆ្នាំហើយ នៅលីគកំពូលកម្ពុជា តែធ្លាប់ជាសមាជិកក្លិបតែ២ប៉ុណ្ណោះ ពោលគឺចូលរួមជាមួយភ្នំពេញក្រោន ពីឆ្នាំ២០១២ ដល់២០១៦ ខណៈឆ្នាំ២០១៧ ដល់បច្ចុប្បន្ន រូបគេចូលរួមក្នុងក្រុមណាហ្គាវើលដ៍។ ម្ចាស់អាវលេខ២៥រូបនេះ ធ្លាប់មានកំណត់ត្រាឈ្នះជើងឯកលីគកំពូលកម្ពុជា ២សម័យកាលផង គ្រាជាសមាជិករបស់ភ្នំពេញក្រោន។

៦) សាន ឧសភា វ័យ៣៣ឆ្នាំ៤ខែ
អ្នកចាំទី សាន ឧសភា កើតនៅខែមីនា ឆ្នាំ១៩៩១ ដោយបច្ចុប្បន្នជាម្ចាស់អាវលេខ២២នៅក្លិបណាហ្គាវើលដ៍។ កីឡាកររូបនេះបានចូលរួមជាមួយណាហ្គាវើលដ៍ តាំងពីឆ្នាំ២០១៨ ម៉្លេះ ក្រោយចាកចេញពីក្លិបវេស្ទើនភ្នំពេញ នៅគ្រានោះ។ យ៉ាងណាក្ដីរូបគេនៅតែតួរសំខាន់ក្នុងក្រុមបើទោះជាកាលស្ថិតក្នុងដំណាក់កាលយុគ្គមាសរបស់អ្នកចាំទី ស៊ូ យ៉ាទី ក៏ដោយក្ដី ខណៈរដូវកាលមុន សិស្សប្អូន រ៉េត លីហេង ប្រជែងជម្រើស១១នាក់ដំបូងស្ទើរគ្រប់ប្រកួត។

៧) ប៊ីន ចន្ថាជារី វ័យ៣៣ឆ្នាំ២ខែ
កីឡាករ ប៊ីន ចន្ថាជារី (ចន្ថាធារី) កើតនៅខែមិថុនា ឆ្នាំ១៩៩១ ជាខ្សែបម្រើពាក់អាវលេខ៩៣ នៅក្លិបព្រះខ័នរាជស្វាយរៀង។ រូបគេជាកីឡាករខ្មែរមួយរូបក្នុងចំណោមកីឡាករមួយចំនួនដែលមានប្រវត្តិទៅប្រកួតអាជីពនៅបរទេសដូចជា ថៃ និងម៉ាឡេស៊ី ជាដើម។ រូបគេធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា ៣លើក (ភ្នំពេញក្រោន ២០១៤និង២០១៥ ព្រះខ័នរាជស្វាយរៀង ២០២៤-២៥) និងឈ្នះពានរង្វាន់សម្តេចតេជោ ៣លើក (វិសាខា ២០២១ និង២០២២ ព្រះខ័នរាជស្វាយរៀង ២០២៣-២៤) ផងដែរ។

៨) ថោង ដា វ័យ៣៣ឆ្នាំ១ខែ
ថោង ដា ជាខ្សែការពារម្ចាស់អាវលេខ២៥ និងជាប្រធានក្រុមរបស់ក្រុមកងយោធពលខេមរភូមិន្ទ (Tiffy Army FC) ដោយកើតនៅខែកក្កដា ឆ្នាំ១៩៩១។ មុនជាចាស់ទុំក្នុងក្រុម Tiffy Army FC ថោង ដា ធ្លាប់ជាសមាជិករបស់ក្រុមភ្នំពេញក្រោន ផងដែរ។ កាលពីរដូវកាលមុន រូបគេត្រូវបានលោកគ្រូបង្វឹក ភា សុភត្រា ដាក់ឱ្យចូលប្រកួតភាគច្រើននៅក្នុងជើងទី១ ខណៈចូលដល់ជើងទី២ បានប្តូរចូលចំនួន៣លើក។

៩) មីហ៊្សូណូ ហ៊ីការ៉ុ អាយុ៣០ឆ្នាំគត់
មីហ៊្សូណូ ហ៊ីការ៉ុ ឬ HIKARU MIZUNO ជាកីឡាករជនជាតិជប៉ុន សញ្ជាតិខ្មែរ ម្ចាស់អាវលេខ៦ ជាខ្សែការពាររបស់ក្លិបម្ចាស់ជើងឯកឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង។ រូបគេកើតនៅខែកក្កដា ឆ្នាំ១៩៩១។ នៅថ្ងៃទី១១ ខែមិថុនា កន្លងទៅក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសកីឡាកររូបនេះទទួលបានសញ្ជាតិខ្មែរ ពេញលេញស្របតាមការកំណត់របស់ FIFA។

១០) នួន បូរី វ័យ៣៣ឆ្នាំគត់
កីឡាករ នួន បូរី ខ្សែប្រយុទ្ធ និងជាម្ចាស់អាវលេខ៩ នៅសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ដោយរូបគេកើតនៅខែសីហា ឆ្នាំ១៩៩១។ កីឡាកររូបនេះធ្លាប់ឈ្នះពានរង្វាន់ឯកត្តជនរហូតដល់៤ម្នាក់ឯង ក្នុងកម្មវិធីCambodian Football Award កាលពីឆ្នាំ២០១៨ ដោយកក្នុងនោះមានពាន ទី១) កីឡាករល្អជាងគេ ទី២) កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ៧ គ្រាប់នៃពានរង្វាន់សម្ដេច ទី៣) ពានកីឡាករក្នុងស្រុកក្រោមអាយុ ២៣ ឆ្នាំដែលទាត់បញ្ចូលទីច្រើនជាងគេ និងទី៤) ពាន កីឡាករក្នុងស្រុកទាត់បញ្ចូលទីច្រើនជាងគេ។ នួន បូរី ជាតួរអង្គសំខាន់របស់ក្រុមនាពេលកន្លងមក នៅតំបន់ប្រយុទ្ធ ខណៈបច្ចប្បន្នក្លិបប្រើយុទ្ធសាស្ត្រ «ប្រើប្រាស់កីឡាករខ្មែរសុទ្ធ»។

សូមបញ្ជាក់ថាពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕


