យោងតាមការចេញផ្សាយដោយសារព័ត៌មាន Forbes នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១នេះ បានឲ្យដឹងថា អាជ្ញាធរតាលីបង់បានយល់ព្រមអនុញ្ញាតឲ្យពលរដ្ឋអាមេរិក ២០០នាក់ និង ជនបរទេសដទៃទៀតដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាកចេញពីប្រទេសនេះដោយសុវត្ថិភាព។
មន្ត្រីអាមេរិកដែលត្រៀមចេញដំណើរចេញពីអាហ្វហ្កានីស្ថានម្នាក់បានឲ្យដឹងថា ក្រុមតាលីបង់អនុញ្ញាតឲ្យប្រជាជនអាមេរិកដែលនៅសល់ និង ជនបរទេសដទៃទៀតចាកចេញពីប្រទេសនេះ មួយសប្ដាហ៍បន្ទាប់ពីកងទ័ពអាមេរិក និង មន្ត្រីរដ្ឋាភិបាលបានបញ្ចប់ប្រតិបត្តិការជម្លៀសខ្លួនចេញពីប្រទេស។ មន្ត្រីអាមេរិករូបនេះ បន្តទៀតថា អាជ្ញាធរតាលីបង់ ត្រូវបានដាក់សម្ពាធដោយបេសកជនពិសេសរបស់អាមេរិក លោក ហ្សាល់មៃ ខាលីហ្សាត ដោយតម្រូវឲ្យក្រុមតាលីបង់ យល់ព្រមអនុញ្ញាតឲ្យពលរដ្ឋអាមេរិកចាកចេញពីអាហ្វហ្កានីស្ថាន។

បើតាមការផ្ដល់ព័ត៌មានពីមន្ត្រីអាមេរិកម្នាក់ខាងលើទៅកាន់សារព័ត៌មាន Reuter ប្រចាំប្រទេសបានឲ្យដឹងទៀតថា ពលរដ្ឋអាមេរិក និងជនបរទេសដទៃ នឹងត្រូវចាកចេញពីអាហ្វហា្កនីស្ថាននៅក្នុងថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែខាងក្រសួងការបរទេសអាមេរិក ឬតាលីបង់មិនទាន់បញ្ចេញប្រតិបត្តិអ្វីនោះទេ ហើយក៏មិនទាន់មានការបញ្ជាក់ថា ពលរដ្ឋអាមេរិក និងជនបរទេសទាំងនេះគឺជាក្រុមមនុស្ស ដែលកំពុងជាប់គាំង នៅឯអាកាសយានដ្ឋានក្នុងទីក្រុង ម៉ាហ្សា អ៊ី ហ្សារ៉ីហ្វ(Mazar-i-Sharif) ដោយសារតែអាជ្ញាធរតាលីបង់រារាំងមិនអនុញ្ញាតឲ្យចាកចេញ ឬក៏យ៉ាងណានោះដែរ៕
ប្រភព៖ Forbes

