ក្រសួងយុត្តិធម៌តាមរយៈអ្នកនាំពាក្យបានប្រកាសនៅថ្ងៃទី១៣ខែសីហាឆ្នាំ២០២៤នេះ ថា កន្លងទៅថ្មីៗនេះ, មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។

ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាព អំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុង ស្រុក ឱ្យធ្វើ បាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។

 បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុក ដើម្បីធ្វើ បាតុកម្មប្រឆាំង នឹងគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើងដើម្បីជាការសម្ដែងមតិតាមច្បាប់នោះទេ ប៉ុន្តគឺជាផែនការ ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធី ញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយ បោកបញ្ឆោតអូសទាញ ប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើ បាតុកម្មបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់របស់កម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បី ដណ្ដើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃ លទ្ធិប្រជា ធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ ជាតិ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទា ទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រម ព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជា អ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវ ដាក់ពន្ធនាគារអស់ មួយជីវិត៕

Share.