ព្រះសីហនុ៖ ឆ្លើយតបទៅនឹងកំណើនករណីគ្រោះថ្នាក់ចរាចរណ៍ហាក់ពុំមានការថមថយ ឯកឧត្តម ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានការធ្វើអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្តព្រះសីហនុ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ ដោយសារមួយរយះចុងក្រោយគ្រោះថ្នាក់ចរាចរណ៍មានស្ទើរាល់ថ្ងៃនៅក្នុងខេត្តព្រះសីហនុ ។

ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ។

ជាមួយគ្នានេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានបន្តខិតខំ ប្រឹង ប្រែងបំពេញនូវតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន ឲ្យកាន់តែសកម្មថែមទៀត ក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវទាំងឡាយយល់ថា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការគោរពស្រលាញ់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.