ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកប្រពន្ធ បែកមុខរងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូហុងដាឌ្រីមឌុបគ្នាមកពីស្រុក ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកកិន កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅផ្លូវបេតុងបុរីភូមិសំរោង ក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សុន សុខលី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងត្បាល់ ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកប្រពន្ធរងរបួសធ្ងន់ ឈ្មោះ អ៊ុ ស្រីណាក់ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិគោល ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះ២នាក់ប្តីប្រពន្ធជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-8125 ឌុបគ្នាធ្វើដំណើរមកពីស្រុក កាត់តាមផ្លូវបេតុងថ្មីពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ត្រូវបានរថយន្តធុនធំមួយគ្រឿងបើកបុកពីក្រោយ ដួលហើយកិនស្លាប់ប្តី ចំណែកប្រពន្ធរងរបួសធ្ងន់ រីឯរថយន្ត ដោយសារតាមដងផ្លូវមានសភាពស្ងាត់ផង បានបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែកសពបុរសជាប្តី ត្រូវបានសមត្ថកិច្ចចុះទៅអន្តេាគមន៍ ទំនាក់ទំនងទៅក្រុមគ្រួសារ ទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូ រងខូចខាតខ្ទេចមួយកំណាត់ក្រោយ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ បន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.