ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់អាយុជីវិតភ្លាមភ្លាមនៅកណ្ដាលទ្រូងផ្លូវ ក្រោយជិះម៉ូតូហើយត្រូវរថយន្តមួយគ្រឿងគេបណ្ដាលឲ្យដួល ហើយត្រូវរថយន្តមួយផ្សេងទៀតបេីកកិនពីលេី បើកចាកចេញពីកន្លែងទីតាំងកើតហេតុបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BS-8597 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នា បើកមកកៀរបណ្ដាលឲ្យម៉ូតូដួលបោកក្បាលថ្នល់ ហើយបេីកចាកចេញពីទីតាំងកន្លែងកើតហេតុបាត់ស្រមោល រំពេចនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនចាំស្លាកលេខ បើធ្វើដំណើរស្របទិសគ្នាមកកិនពីលើបន្ថែមទៀត បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូបានបាត់បង់អាយុជីវិតភ្លាមភ្លាមនៅនឹងកន្លែងកើតហេតុ ក្រោយពីបើកកិនមុនដោយមានអ្នកបាត់បង់អាយុជីវិតហើយអ្នកបើករថយន្តបើកគេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះមានឈ្មោះ ពៅ ប៊ុនណាត៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាបុគ្គលិកធនាគារឯកជនមួយកន្លែង បច្ចុប្បន្នស្នាក់នៅម្តុំចោមចៅ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងរួច បានប្រគល់ម៉ូតូនិងសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ត្រយងតូច

