បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន៧នាក់ទៅស៊ីឈ្នួលរុះរើកាត់ដែកកាំរ៉ាសាំងចាស់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនតាមបណ្តឹងម្ចាស់ម្នាក់ទៀត និងត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរភូមិមកអន្តរាគមន៍នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិអូរល្ហុងបានប្រាប់ថា ប្រជាពលរដ្ឋចំនួន៧នាក់ដែលត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ឃាត់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដែលចោទប្រកាន់លួចកាត់ដែកការ៉ាសាំងចាស់នៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នោះជាប្រជាពលរដ្ឋស្លូតត្រង់ទេ ព្រោះពួកគាត់ទៅស៊ីឈ្នួលបុគ្គលម្នាក់ ដែលមិនស្គាល់ឈ្មោះឱ្យទៅកាត់ដែកការ៉ាសាំងចាស់ ក្នុងតំលៃ២.១០០.០០០រៀល (ពីរលាន១សែនរៀល) មកជួលពួកគាត់ឱ្យមករុះរើ។

តំណាងអាជ្ញាធរភូមិបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបានឃាត់ខ្លួនចំនួន៧នាក់ គឺរស់នៅភូមិអូរល្ហុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលឃាត់នៅពេលពួកគាត់កំពុងរុះរើកាត់ដែកការ៉ាសាំងបានប្រមាណ១០ភាគរយ ហើយប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ បានប្រាណជិត៥០នាក់ នាំគ្នាមក អន្តរាគមន៍សុំឱ្យដោះលែងប្រជាពលរដ្ឋ៧នាក់។
លោកវរសេនីយ៍ត្រី ព្រិម សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្តាលបានបញ្ជាក់ថា ការឃាត់ខ្លួនប្រជាពលរដ្ឋចំនួន៧នាក់ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ដើម្បីសួរនាំតាមបណ្តឹងម្ចាស់ការ៉ាសាំងនៅរាជធានីភ្នំពេញ បានប្តឹងពួកគាត់លួចកាត់ដែកការ៉ាសាំងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយសាកសួរតាមចម្លើយពួកគាត់បានស៊ីឈ្នួលបុគ្គលម្នាក់មិនស្គាល់ឈ្មោះ គេអះអាងថាជាម្ចាស់បានជួលឱ្យកាត់តំលៃ២.១០០.០០០រៀល ក្រោយពេលរុះរើកាត់ដែកបានប្រមាណជា១០ភាគរយត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ទទួលបណ្តឹងចុះឃាត់ខ្លួនចំនួន៧នាក់នាំយកមកប៉ុស្តិ៍ បានទំនាក់ទំនងទូរស័ព្ទទៅអ្នកដែលជួលឱ្យមកកាត់ត្រូវបានបិតទូស័ព្ទ ។ បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង៧នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត៕
អត្ថបទ៖ ប៉ោយប៉ែត

