អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានប្រកាសថា ជំងឺ mpox ឬ ជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈជាសកលជាលើកទី២ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ពីការផ្ទុះឡើងនៃការឆ្លងមេរោគនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងបានរីករាលដាលដល់ប្រទេសជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។

គណៈកម្មាធិការសម្រាប់គ្រាអាសន្នបានជួបប្រជុំគ្នាកាលពីនព្រឹកថ្ងៃពុធ ដើម្បីផ្តល់យោបល់ឱ្យអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ថាតើការផ្ទុះឡើងនៃជំងឺនេះ ជាភាពអាសន្នសុខភាពសាធារណៈសកល នៃការព្រួយបារម្ភអន្តរជាតិ ឬ PHEIC ឬយ៉ាងណា។

ស្ថានភាព PHEIC គឺជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO និងមានគោលបំណងពន្លឿនការស្រាវជ្រាវ ការផ្តល់មូលនិធិ និងវិធានការសុខភាពសាធារណៈអន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងជំងឺឆ្លង។

លោក Tedros បាននិយាយថា «វាច្បាស់ណាស់ថា ការឆ្លើយតបជាអន្តរជាតិ គឺចាំបាច់ដើម្បីបញ្ឈប់ការផ្ទុះឡើងទាំងនេះ និងជួយសង្គ្រោះជីវិត»។

យ៉ាងណាម៉ិញ ការផ្ទុះរាលដាលជំងឺ Mpox ឬអុតស្វា ដំបូងឡើយ​ នៅប្រទេសកុងហ្គោ ដែលបង្កឡើងដោយវីរុសប្រភេទ clade I ដែលជាប្រភេទវីរុសមិនសូវជាចម្លងជំងឺខ្លាំងនោះទេ តែក្រោយមកស្រាប់តែផ្ទុះវីរុសថ្មីមួយទៀតឈ្មោះ clade Ib ដែលអាចចម្លងជំងឺយ៉ាងលឿនរហ័ស តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានផ្ទុកវីរុសនេះ។

បច្ចុប្បន្ន វីរុសថ្មីនេះបាន រាលដាលចេញពីកុងហ្គោ ធ្លាយទៅដល់ប្រទេសប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្កង់ដា ហើយ។

សូមជម្រាបថា ជំងឺMpox អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។ ជា​ធម្មតា វាមានរោគសញ្ញា​ស្រាល ខ្លះទៀតអាចបណ្ដាលឱ្យអ្នកជំងឺបាត់បង់ជីវិត ប៉ុន្ដែវាជាករណី​​កម្រនឹងកើតឡើង វាមានរោគសញ្ញាដូចជំងឺផ្តាសាយ ហើយវាមានពងបែកនៅលើរាងកាយ៕

ប្រភព៖ Reuter

Share.