សិល្បៈជាតិ៖ យោងតាមសារព័ត៌មានសិល្បៈកូរ៉េជាភាសាអង់គ្លេស Allkpop បានរាយការណ៍ថាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ TSV Management បានប្រកាសពីការរៀបចំកម្មវិធី Burning Sun នៅក្នុងក្លឹប Gentlement នៅ Surabaya នាប្រទេសឥណ្ឌូណេស៊ី។ ឈ្មោះ Burning Sun នេះគឺសំដៅដល់ឈ្មោះក្លិបរាត្រីមួយរបស់ Seungri ដែលមានពាក់ព័ន្ធនឹងរឿងអាស្រូវ ព្រមទាំងឧក្រិដ្ឋកម្មផ្លូវភេទរបស់តារា K-Pop កាលពីឆ្នាំ២០១៩។

បើតាមសេចក្ដីរាយការណ៍ខាងលើ Seungri នឹងចូលរួមកម្មវិធីខាងលើនេះដោយក្រុមហ៊ុន TSV បានបញ្ចេញ Poster នៅលើ Social Media ដោយក្នុងនោះមានរូបភាពរបស់ Seungri ដែលបណ្ដាលឱ្យកើតមានពាក្យចចាមអារ៉ាម និងមតិរិះគន់យ៉ាងខ្លាំង។

យ៉ាងណាមិញនៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Ilgan Sports លោក Seungri បានបដិសេធចោលនូវដំណឹងទាំងនោះដោយបានសរសេរថា៖ «ខ្ញុំមិនទាំងដឹងថាកន្លែងដែលរៀបចំព្រឹត្តិការណ៍នោះកន្លែងណាផង។ ខ្ញុំគ្មានផែនការទៅចូលរួមទេ។ វាគឺជារឿងមិនពិត ដែលដំណឹងគ្មានមូលដ្ឋានច្បាស់លាស់បែបនោះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។»

នៅក្នុងបទសម្ភាសន៍នោះ Seungri លើកឡើងថាលោកនឹងចាត់ចំណាត់ការផ្លូវច្បាប់ ទៅកាន់អ្នកដែលបញ្ចេញដំណឹងមិនពិតអស់ទាំងនេះ។ ខណៈដែល Seunngri បញ្ជាក់ជាថ្មីដែរថា កាលដែលខ្លួនទៅចូលរួមកម្មវិធីជប់លាងនៅកម្ពុជាគឺមានហេតុផលផ្ទាល់ខ្លួន ព្រមទាំងបដិសេធដំណឹងដែលលើកឡើងពីការបើកក្លិបនៅហុងកុង។
ជាមួយគ្នានេះផងដែរ កាសែត Maeil Business បានចេញផ្សាយកាលពីថ្ងៃច័ន្ទដែរថា គេបានប្រទះឃើញ Seungri ចូលក្លិប ខណៈស្នាក់នៅ ឥណ្ឌូណេស៊ី។ ស្របពេលដែលមានការអះអាងថាគេបានឃើញ Seungri ចូលក្លិបនៅបាលីជាច្រើនដង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈដែលចម្ងាយពីបាលី ទៅ Surabaya ទីតាំងនៃព្រឹត្តិការណ៍ Burning Sun មានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ បើធ្វើដំណើរតាមយន្តហោះត្រឹមតែ៥០នាទីប៉ុណ្ណោះ។ នៅក្នុងវីដេអូដែលទម្លាយដោយកាសែតខាងលើ គេឃើញ Seungri កំពុងសន្ទនាជាមួយស្រ្តីពីរនាក់ ដែលជាជនជាតិកូរ៉េនៅក្នុងក្លិបផងដែរ។



រំលឹកឡើងវិញពីរឿងអាស្រូវរបស់ Seungri អតីតសមាជិក BigBang រូបនេះបានជាប់ពន្ធនាគារ១ឆ្នាំ និង៦ខែកាលពីឆ្នាំ២០២២ ដោយជាប់ចោទជាច្រើនករណី មិនថាជាករណីលក់សេវាផ្លូវភេទ និងបង្វែងដាន។ល។ តារារូបទើបតែត្រូវបានដោះលែងឱ្យរួចខ្លួនពីពន្ធនាគារកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ទោះជាតារារូបនេះមានរឿងក្ដីនិងឈ្មោះមិនល្អជាប់ខ្លួន ប៉ុន្តែ Seungri បានបង្កើតឱ្យមានរឿងចម្រូងចម្រាសជាថ្មីទៀត នៅដើមឆ្នាំ២០២៤ ដោយកាលពីខែមករា គេបានប្រទះឃើញ Seungri ទៅចូលរួមកម្មវិធីជប់លៀងមួយនៅប្រទេសកម្ពុជា និងបានរាំបទចម្រៀង « Good Boy» ដែលជាបទចម្រៀងច្រៀងរួមរបស់ G-Dragon និង Taeyang ហើយ Seungri ថែមទាំងអួតទៀតថា ខ្លួននឹងនាំ G-Dragon មកទីនេះនៅថ្ងៃណាមួយថែមទៀត។
សូមជម្រាបជូនថា បច្ចុប្បន្ន Seungri កំពុងតែរស់នៅបរទេស ហើយបានចាកចេញពីរង្វង់សិល្បៈកូរ៉េហើយ៕

