សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសប្តេជ្ញាធ្វើឱ្យបាននូវការការពារទឹកដី អធិបតេយ្យក្នុងខេត្តទាំង៤នៅភាគឦសាន និងបន្តជំរុញឱ្យកិច្ចអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន សម្រាប់កូនខ្មែរជំនាន់ក្រោយ។

ការប្រកាសរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់នៅវិទ្យាស្ថានជាតិអប់រំនៅ ព្រឹក ថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ទោះដក ឬមិនដក បើគ្មានឆន្ទៈការពារទឹកដី និងអធិបតេយ្យជាតិ គឺគង់តែបាត់បង់។ ដូច្នេះដើម្បីការពារទឹកដី និងអធិបតេយ្យជាតិ ត្រូវតែមានឆន្ទៈក្នុងកិច្ចការពារ។

ពាក់ព័ន្ធនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ថ្លែងថា ឆ្នាំ១៩៩៩ នៅរដ្ឋសភាមិនមែនមានតែបក្សប្រជាជនកម្ពុជានោះទេ គឺមាន បក្ស ច្រើនរួមទាំងបក្ស សម រង្ស៉ី ផងដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ច សហប្រតិបត្តិការ តំបន់ អភិវឌ្ឍន៍ត្រីកោណ។

ការបញ្ជាក់ជំហររបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើង ស្របពេលដែលមជ្ឈដ្ឋាន ក្រុមប្រឆាំងពិសេសអ្នកមានមូលដ្ឋាននៅក្រៅប្រទេសបាននិងកំពុងជំរុញឲ្យពលរដ្ឋនៅក្នុងប្រទេសប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឲ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណនេះ។ពួកគេបានលើកឡើងនូវក្តីបារម្ភថា កិច្ចសហប្រតិបត្តិ អភិវឌ្ឍន៍តំបន់ត្រីកោណនេះ នឹងធ្វើឲ្យកម្ពុជាបាត់បង់ដីទៅប្រទេសជិតខាងនិង បាត់បង់អធិបតេយ្យភាពជាតិជាដើម។

ជាការឆ្លើយតបទៅនឹងក្តីបារម្ភនេះ សម្តេចធិបតីបានពន្យល់ថា ការបាត់បង់ទឹកដីរបស់ កម្ពុជានាពេលកន្លងមកគឺបណ្តាលមកពីខ្មែរបែកបាក់។ក្នុងន័យនេះ សម្តេចបានអំពាវនាវ ឲ្យពលរដ្ឋខ្មែរទាំងអស់បង្ហាញជំហរឯកភាពជាតិ៕

Share.