សៀមរាប ៖ បុរស២នាក់ នាំគ្នាជិះទូកស្ទូចត្រី ចំមុខទឹកហូរ បណ្តាលឱ្យក្រឡាប់ទូក ហែលរួចម្នាក់ និងម្នាក់ទៀតលង់លិចបាត់ខ្លួន ផ្អើលបងប្អូន ប្រជាពលរដ្ឋ ស្វែងរកតែមិនឃើញកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅអាងស្ទាក់ទឹក ស្ពានស្រែង ក្នុងភូមិសសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប លុះរហូតដល់វេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ទើបសពផុសអណ្តែតទឹកឡើង បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារ សមត្ថកិច្ចស្រង់ឡើងគោក ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះ ម្នាក់ដែលស្លាប់ អសយុ១៨ឆ្នាំ ចំណែកម្នាក់ទៀតហែលរួច អាយុ៤៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ក្នុងឃុំ ស្រុកខាងលើ ។

ប្រភពបន្តទៀតថា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះទាំង២នាក់ ជិះទូកស្ទូចត្រី ត្រង់ចំណុចទ្វារទឹក ស្ពានស្រែង ខណៈដែលទឹកកំពុងជន់ទឹកហូរខ្លាំង ជម្រៅដល់ទៅ៧ម៉ែត្រ ស្រាប់តែលិចទូក ជនរងគ្រោះម្នាក់អាយុ៤៣ឆ្នាំបានហែលរួច ចំណែកជនរងគ្រោះម្នាក់ទៀតលង់លិចបាត់ខ្លួន បង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច ស្វែងរក រហូតដល់បិទទ្វារទឹកជាបណ្តោះអាសន្នដើម្បីឱ្យទឹកស្រក នៅតែរកមិនឃើញ លុះមកដល់វេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ទើបសាកសពផុសឡើង សមត្ថកិច្ច ស្រង់ឡើងគោក ។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចពិនិត្យ កោសល្យវិច័យហើយ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.