ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា អ្នកបើកយន្តហោះចម្បាំងបារាំង ២នាក់បានស្លាប់ បន្ទាប់ពីយន្តហោះចម្បាំង Rafale របស់ពួកគេ បានបុកគ្នាកណ្តាលអាកាស នៅភាគខាងកើតប្រទេសបារាំង ជាឧបទ្ទវហេតុដ៏កម្រមួយពាក់ព័ន្ធនឹងយន្តហោះយោធាសេរ៊ីទំនើប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤។


លោក Macron បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា «យើងទទួលបានដំណឹងដ៏សោកសៅចំពោះការស្លាប់របស់កាពីទែន Sebastien Mabire និងអនុសេនីយ៍ Matthis Laurens នៅក្នុងឧបទ្ទវហេតុផ្លូវអាកាសអំឡុងបេសកកម្មហ្វឹកហាត់បញ្ជាយន្ដហោះចម្បាំង Rafale»។


ទន្ទឹមនោះរដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បាននិយាយថា «អ្នកបើកយន្តហោះម្នាក់នៅក្នុងហេតុការណ៍ខាងលើ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព»។
ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើវាបណ្តាលមកពីបញ្ហាអ្វី ទើបមានការប៉ះទង្គិចគ្នានោះទេ ហើយអាជ្ញាធរបាននិយាយថា ហេតុការណ៍នេះបានកើតឡើងលើទីក្រុង Colombey-les-Belles ដែលជាទីក្រុងមួយនៅភាគឦសានប្រទេសបារាំង។ យ៉ាងណាម៉ិញ យោធានឹងរាយការណ៍អំពីមូលហេតុនៃគ្រោះថ្នាក់នេះ៕

