កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចូលលួចខ្សែភ្លើង ដែក និងសម្ភារផ្ទះបាយរបស់ជនរងគ្រោះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទីនៅចំណុច ផ្ទះកំពុងជួសជុលរបង ស្ថិតនៅភូមិឃ្លាំងមឿងត្បូង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ មី ពីទូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ សមត្ថកិច្ចតេស្តិ៍ទឹកនោមរកឃើញសារធាតុញៀន។ ដកហូតវត្ថុតាង ដែកជ្រុងកំណាត់ខ្លីៗ មួយចំនួន .គម្របឆ្នាំង.ធុងស្ពេត្រូ .ចានស្រាក់, ពូថៅធ្វើពីដែកដងដែក, ខ្សែភ្លើង .ធុងសម្រាប់លាយស៊ីម៉ុង, ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាក់លេខ កណ្តាល 1AQ -5467 ចាប់យកពីជនសង្ស័យ។

តាមប្រភពព័ត៌មានពីសមតកថកិច្ចបានឱ្យដឹងថា កន្លងមកនៅផ្ទះរបស់ជនរងគ្រោះឈ្មោះ លឹម ហាច តែងតែបាត់សម្ភារៈនៅក្នុងផ្ទះមានដូចជា ឆ្នាំង ចាន ខ្ទះ ខ្សែភ្លើង និងសម្ភារៈផ្សេងៗ ហើយមានការគាស់ទ្វាររបងបណ្តាល ឱ្យខូចម៉ូទ័រទាញទ្វារ ។ ដោយសារជនរងគ្រោះមិនសូវនៅផ្ទះទើបជនរងគ្រោះបានផ្តាំផ្ញើឱ្យអ្នកជិតខាងជួយមើល។

លុះនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឈ្មោះ ថៃ សំអាត បានលឺអ្នកជិតខាងស្រែកប្រាប់មកគាត់ថា ជួយចាប់ចោរផង វាលួចខ្សែភ្លើង ហើយឥឡូវវាបានស្ពាយបាវមានដាក់ខ្សែភ្លើង រត់តាមផ្លូវមាត់ទន្លេទៅបាត់ហើយ លឺដូច្នេះឈ្មោះ ថៃ សំអាត បានរត់ដេញតាមជនសង្ស័យ ពេលជនសង្ស័យរត់បានចម្ងាយប្រហែល៥០០ម៉ែត្រ ក៏បានលើកបាវដាក់លើម៉ូតូរបស់គេម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាក់លេខ កណ្តាល 1AQ -5467 រួចបើកម៉ូតូសំដៅឡើងទៅខាងផ្លូវកៅស៊ូ ហើយបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអំពិល ហើយជិះតាមរកជនសង្ស័យ ពេលជិះតាមផ្លូវកៅស៊ូ៧០B ដល់ចំណុចភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ស្រាប់តែឃើញជនសង្ស័យ កំពុងជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយម៉ូតូអ្នកធ្វើដំណើរ០១គ្រឿងទៀត ស្របពេលនោះសមត្ថកិច្ចបានមកដល់ បានឃាត់ខ្លួនជនសង្ស័យ និងត្រួតពិនិត្យនៅលើម៉ូតូរបស់ជនសង្ស័យឃើញមាន បាវ ០១ មានដាក់ខ្សែភ្លើង និងសម្ភារៈផ្សេងទៀតមួយចំនួន ហើយបានយកមកសាកសួរ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភារថា កន្លងមកខ្លួនគេធ្លាប់បានលួចរបស់របររបស់ប្រជាពលរដ្ឋចំនួន០៦លើក។ ដោយកាលពីអំឡុង ខែមករា ឆ្នាំ២០២៤ ធ្លាប់បានធ្វើសកម្មភាពលួចដែក នៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិអញ្ចែង ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចំនួន ០៣លើក យកទៅលក់ឱ្យរទេះទិញអេតចាយបានប្រាក់សរុបចំនួន ៦០.០០០រៀល។ ហើយនៅអំឡុង ខែមេសា ឆ្នាំ២០២៤ ធ្លាប់បានធ្វើសកម្មភាពលួចដែកកំណាត់ខ្លីៗ នៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិព្រែកក្របៅ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានចំនួន០២លើក យកទៅលក់ឱ្យរទេះគេទិញអេតចាយបានប្រាក់សរុបចំនួន ១០ម៉ឺនរៀល។ និងលើកចុងក្រោយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានធ្វើសកម្មភាពលួចដែកកំណាត់ខ្លីៗ និងខ្សែភ្លើង នៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋដែលមានការជួសជុលរបងស្ថិតនៅភូមិឃ្លាំងមឿងត្បូង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ហើយក៏បានសមត្ថកិច្ចធ្វើការឃាត់តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ កណ្តាល

https://troryorng.com/
Share.