អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាល​ពី​រសៀល​ថ្ងៃទី១៥ សីហា បាន​រៀប​ចំ​សន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោតចែកពូល ការប្រកួត​ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤ ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃ​ក្រុម​ប្រឹក្សា​កីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត។

ក្នុង​សន្និសីទសារព័ត៌មាន ឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ថា ដោយ​ទទួល​បាន​អនុ​សាស​ន៍​ដ៏ខ្ពង់ខ្ពស់ និងការអនុញ្ញាតពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាន​សម្រេច​ប្រកាស​ជាផ្លូវ​ការ ស្ដីពីរៀបចំការប្រកួត ព្រឹត្តិការណ៍ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពាន​រង្វាន់​ឯក​ឧត្តម​អភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា នៃអគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហា​ផ្ទៃ ស្ថិតក្នុងសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា៖ «ពានរង្វាន់នេះ បង្កើតឡើងក្នុងគោល​បំណង​រួម​ចំ​ណែក​លើកកម្ពស់វិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សំដៅបណ្ដុះស្មារតីស្រលាញ់កីឡា និង​ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​កីឡា​ជាមួយបណ្ដាក្លឹបកីឡាវាយសីយុវជនជានគរបាលប្រទេសនានាក្នុងតំបន់។

ការរៀបចំលើកទី១ នេះមានការចូលរួមពីបណ្ដាក្លឹបក្នុងស្រុកចំនួន ១២ចូលរួម រួមមាន ដែល​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​១៖

១. ក្លឹបវាយសីក្រសួងមហាផ្ទៃ
២. ក្លឹបកីឡាវាយសីយុវជននរគបាលជាតិ
៣. ក្លឹបកីឡាវ័យសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ
៤. ក្លឹបកីឡាវាយសី SBC និង UNIQUE (ខេត្តសៀមរាប)
៥. ក្លឹបកីឡាវាយសីក្រសួងអប់រំ យុវជន និងកីឡា
៦. ក្លឹបកីឡាវាយសីខ្លាចាស់
៧. ក្លឹបកីឡាវាយសីខេត្តព្រៃវែង
៨. ក្លឹបកីឡាវាយសីខេត្តមណ្ឌលគិរី
៩. ក្លឹបកីឡាវាយសី QUANG SPORT CAN THO
១០. ក្លឹបកីឡាវាយសីសមាគមចិន
១១. ក្លឹបកីឡាវាយសីយុវជនខេត្តកណ្ដាល
១២. ក្លឹបកីឡាវាយសីភស្តុភារ និងសម្ភារបច្ចេកទេស

បន្ថែមលើសពីនេះ ក៏មានក្លឹបមកពីអង្គភាពនានចំនុះក្រសួងមហាផ្ទៃចំនួន ១៣រួមមាន ក៏​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​១ផ្សេងផង​ដែរ៖

១. ក្លឹបកីឡាវាយសីខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត
២. ក្លឹបកីឡាវាយសីអគ្គស្នងការដ្ឋាននគរបាលជាតិ
៣. ក្លឹបកីឡាវាយសីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
៤. ក្លឹបកីឡាវាយសីអគ្គនាយកដ្ឋានរដ្ឋបាល
៥ ក្លឹបកីឡាវាយសីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
៦. ក្លឹបកីឡាវាយសីអគ្គនាយដ្ឋានអន្តោប្រវេសន៍
៧. ក្លឹបកីឡាវាយសីបណ្ឌិត្យសភានគរបាលកម្ពុជា
៨. ក្លឹបកីឡាវាយសីអគ្គនាយដ្ឋានពន្ធនាគារ
៩ ក្លឹបកីឡាវាយសីក្រុមប្រឹក្សានីតិកម្ម
១០. ក្លឹបកីឡាវាយសីអគ្គាធិការដ្ឋាន
១១. ក្លឹបកីឡាវាយសីអគ្គនាយកដ្ឋានធនធានមនុស្ស
១២. ក្លឹបកីឡាវាយសីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
១៣. ក្លឹបកីឡាវាយសីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

កាន់តែពិសេសជានេះទៅទៀត ព្រឹត្តិការណ៍ប្រកួតខាងលើ​ក៏មានការចូលរួ​មពីក្លឹប​កីឡា​វាយ​សី​ជាន​គរ​បាល​អញ្ជើញមកពីប្រទេសនានាក្នុងតំបន់ ៥ប្រទេសដូចជា នឹង​ប្រជែង​ដណ្ដើម​ជើង​ឯក​នៅ​ទឹក​ដី​កម្ពុជា​នេះ​ដែរ៖

១. ព្រះរាជាណាចក្រកម្ពុជា (ជាម្ចាស់ផ្ទះរៀបចំការប្រកួត)
២. ប្រទេសម៉ាឡេស៊ី
៣. ប្រទេសសិង្ហបុរី
៤. ព្រះរាជាណាចក្រថៃ
៥. ប្រទេសវៀតណាម

ចំពោះវិញ្ញាសាប្រកួតមានការបែងចែកចេញជា ៤ផ្នែកផ្សេងគ្នា រួមមាន វិញ្ញាសាឯកត្តជន (ថ្នាក់ជាតិ), វិញ្ញាសាប្រកួតជាក្រុម (អន្តរជាតិ), វិញ្ញាសាឯកត្តជន (ក្រសួងមហាផ្ទៃ) និងវិ​ញ្ញាសា​ប្រកួតគូកិត្តិយស (ក្រសួងមហាផ្ទៃ)។

ក្នុងឱកាសនេះ ឯកឧត្តម ប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល​តែង​តែយកចិត្តទុកដាក់ដល់សុខភាពមន្ត្រីរាជការក្រោមឱវាទដោយផ្ដល់អនុសាសន៍ និងជំរុញ​ឱ្យមាន​ការរៀប​ចំព្រឹត្តិការណ៍ប្រកួតនេះឡើង។

ជាចុងក្រោយឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត ថ្លែងអំណរ​ដល់​ក្រុមហ៊ុន​ឧបត្ថម្ភធំដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះសម្រេចចេញជារូបរាងបាន៕

Share.