សិល្បៈជាតិ៖ ដូចអ្នកគាំទ្រគ្រប់គ្នាបានដឹងកន្លងមកហើយ លោក រ៉េននី ដារ៉ា ជាអ្នកជំនាញផលិតមាតិកាមួយរូប និងជាគណៈកម្មការជ្រើសរើសបេក្ខភាពប្រកួតប្រជែងសមត្ថភាពផលិតមាតិកានៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រាប់អ្នកសារព័ត៌មានត្រយងលោកពិតជាចង់ឃើញអ្នកផលិតមាតិកាជំនាន់ក្រោយរួមគ្នាបង្ហាញពីតំបន់កម្សាន្ត ឬតំបន់ទេសចរណ៍កម្ពុជា ច្រើនជាងការផលិតមាតិកាបែបឈ្លោះគ្នា តើមានមូលហេតុអ្វីទៅ?


កំឡោះសង្ហា រ៉េននី ដារ៉ា យល់ឃើញថា អ្នកប្រើប្រាស់បណ្ដាញសង្គមនាសព្វថ្ងៃនេះមានសមត្ថភាពខ្លាំងៗហួសពីការស្មាន ពួកគេអាចផលិតមាតិកាគ្រប់ទម្រង់បានដោយខ្លួនឯងតាមរយៈទូរស័ព្ទដៃ។ មួយវិញទៀត TikTok ក៏ជាផ្លេតហ្វ័មមួយដែលអាចជួយឱ្យពួកគេឆាប់មានទីផ្សារ និងប្រជាប្រិយភាព បានន័យថា មានអ្នកតាមដាន និងអ្នកគាំទ្រ។
លោក រ៉េននី ដារ៉ា បានលើកឡើងក្នុងបទសម្ភាសន៍ថា លោកចង់ឃើញប្អូនៗជាម្ចាស់ជ័យលាភី និងប្អូនៗដែលជាអ្នកស្រឡាញ់ការផលិតមាតិកានៅលើបណ្ដាញសង្គម រួមគ្នាបង្កើតមាតិកាល្អៗពីតំបន់កម្សាន្ត និងទេសចរណ៍ធម្មជាតិនៅក្នុងប្រទេសកម្ពុជា ហើយប្រការដែលគួរឱ្យចៀសវៀងនោះគឺ ការផលិតមាតិកាឈ្លោះគ្នាដែលពោរពេញដោយគំនិតអវិជ្ជមាន រហូតអ្នកទស្សនាយកតម្រាប់តាម។ លោកបន្ថែមថា នេះមិនត្រឹមជាសកម្មភាពចូលរួមជួយសង្គមជាតិនេះ ក៏ប៉ុន្តែគឺជារឿងប្រពៃមួយដែលអ្នកផលិតមាតិកាគួរតែប្រកាន់យក។
គួររំលឹកដែរថា មុនមានពេលចូលប្រឡូកសិល្បៈ និងមានឈ្មោះល្បីបុរសសង្ហាញញឹមថ្ពល់ខួចសងខាង រ៉េននី ដារ៉ា ធ្លាប់ធ្វើជាអ្នក Review ម្ហូប និងធ្វើវីដេអូ Vlog ខ្លីៗលើបណ្តាញសង្គមម្នាក់ តែដោយសារសមត្ថភាព ទេពកោសល្យ និងការប្រើប្រាស់សំនួនពាក្យពេចន៍ ទាក់ទាញប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស។
ក្រោយមក លោកមានឈ្មោះជាម្ចាស់ពាន កម្មវិធី Cambodian Net Idol រហូតគ្រប់គ្នាកាន់តែស្គាល់ និងចាប់អារម្មណ៍មកលើរូបលោកខ្លាំងដល់សព្វថ្ងៃ។ កន្លងមកថ្មីៗនេះ Content Creator រូបនេះ ក៏បានបង្ហាញវត្តមាននៅក្នុងរឿងស្នេហាប្រភេទ BL «វាយោនិងសមុទ្រ» ធ្វើឱ្យគ្រប់គ្នារឹតតែពេញចិត្ត និងទទួលស្គាល់ពីសមត្ថភាពសិល្បៈរបស់លោក។ គួរឱ្យកត់សម្គាល់ដែរថា ក្រៅពីអាជីពជាអ្នកផលិតមាតិកា និងសម្ដែង រ៉េននី ដារ៉ា ក៏មានទឹកដមសំឡេងពីរោះ និងធ្លាប់បានបញ្ចេញចម្រៀងរបស់ខ្លួននៅលើបណ្ដាញសង្គម និងទទួលបានការគាំទ្រខ្លាំងផងដែរ៕
ចង់ដឹងបន្ថែមថា ចុះហេតុអ្វីបានលោក រ៉េននី ដារ៉ា លើកឡើងពីអ្វីដែលលោកចង់ឱ្យអ្នកផលិតមាតិកាជំនាន់ក្រោយរួបរួមគ្នាផលិតមាតិកាតំបន់នោះ សូមស្ដាប់ការរៀបរាប់របស់លោក រ៉េននី ដារ៉ា នៅក្នុងវីដេអូព័ត៌មានខាងក្រោមនេះ៖

