ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ស័ក្ត ៤កន្លះម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធរឿងស៊ីដាច់ប្រាក់ជិត៣ម៉ឺនដុល្លារ យកទៅរត់ការចូលក្របខណ្ឌកងទ័ព ប្រព្រឹត្តនៅផ្ទះលេខ១១៩ ផ្លូវ១១១កា ភូមិក្បាលដំដី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២១ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

មន្ត្រីយោធានោះមានឈ្មោះ សេក សេងហុង ភេទប្រុស អាយុ៤៩ ឆ្នាំ មានទីលំនៅផ្ទះលេខ២៤ សេ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមដីកាបង្គាប់ឲ្យជនសង្ស័យចូលខ្លួន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទមិនព្រមចូលខ្លួនតាមដីកាកោះហៅរបស់តុលាការទេ ដូច្នោះដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សេក សេងហុង មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត ។ សូមបញ្ជាក់ថា មន្ត្រីយោធាពាក់ស័ក្ត៤កន្លះម្នាក់នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ ខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចសង្កា ត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈជន សង្ស័យកំពុងធ្វើដំណើរទៅកន្លែងធ្វើការ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថា ឈ្មោះ សេក សេងហុង បានប្រើល្បិចកល់ទុច្ចរិត បញ្ចុះបញ្ចូល និងធ្វើការលួងលោម ឲ្យក្រុមគ្រួសារជនរងគ្រោះរត់ការចូលក្របខណ្ឌកងទ័ព ដោយអួតអាងថា រូបគេមានសមត្តភាពគ្រប់គ្រាន់ស្គាល់អ្នកមានអំណាច អាចរត់ការចូលក្របខណ្ឌកងទ័ពបាន ហើយជនសង្ស័យបានតម្រូវក្នុងមួយនាក់ ត្រូវចំណាយទឹកប្រាក់១៣ ០០០ ដុល្លារអាមេរិក និងអាចទទួលបានស័ក្ត២ ហើយបើសិនជាត្រូវចំណាយអស់ទឹកប្រាក់ ១៤ ០០០ ដុល្លារ វិញ នឹងអាចទទួលបានស័ក្ត៣ ពាក់លើស្មា ដោយជនសង្ស័យបានបញ្ចុះបញ្ចូលឲ្យក្រុមគ្រួសារជនរង គ្រោះបំពេញបែបបទ ដើម្បីសុំចូលក្រមខណ្ឌកងទ័ពផងដែរ ។

ដោយចាញ់បោកការលួងលោម ជនរងគ្រោះបានជឿជាក់លើឈ្មោះ សេក សេងហុង ហើយបានប្រគល់ទឹកប្រាក់សរុបចំនួន ២៧ ០០០ ដុល្លារអាមេរិក ឲ្យទៅជនសង្ស័យ ដោយជនសង្ស័យបានធានាថា នឹងយកទៅរត់ការចូលក្រមខណ្ឌកងទ័ព លើឈ្មោះ២ នាក់ ម្នាក់ពាក់ស័ក្ត២ នឹងម្នាក់ពាក់ស័ក្ត៣ ។
ពាក្យបណ្តឹងរបស់ជនរងគ្រោះបញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះគឺមានរយៈពេល៣ ឆ្នាំហើយ ជនសង្ស័យមិនមានការឆ្លើយតបនូវអ្វីដូចដែលគេបានសន្យានោះទេ ផ្ទុយទៅវិញជនសង្ស័យតែងតែយកការដោះសារមិនឈប់នោះឡើយ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទ៖ ចតុម្មុខ

