បុរសម្នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ផ្តើមដោយរថយន្តកូរ៉េទ្រុងដឹកជ្រូក បើកបត់ឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូធូដេកំពុងជិះច្រាសទិស រុញផ្ទប់ទៅនឹងរថយន្តស្តារិច កាលពី វេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវសម្តេចជា ស៊ីម កែងផ្លូវ២០១១ ចំណុចភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ នេត ចាន់បុត្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌ ទួលគោក ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-4888 ។

ប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ទ្រុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-7872 ជារថយន្តសម្រាប់ដឹកជ្រូក បើកតាមបណ្តោយផ្លូវ២០១១ ពីជើងទៅត្បូង លុះដល់ចំណុចផ្លូវបែកជាបួន បានបត់ឆ្វេងឆ្លងផ្លូវ ឡើងផ្លូវសម្តេចជា ស៊ីម ពីលិចទៅកើត ក៏ជ្រុលទៅបុកម៉ូតូធូដេ ជិះដោយជនរងគ្រោះ ពីកើតទៅលិច រុញបោកផ្ទប់ ពីមុខរថយន្ត ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BJ-1721 ដែលបើក លើផ្លូវសម្តេចជា ស៊ីម ពីកើតទៅលិច ស្របជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែង។

ចំណែកអ្នកបើកបររថយន្តទាំង២គ្រឿង ឃើញសភាពមិនស្រួល នាំគ្នាចុះរត់គេចខ្លួនបាត់អស់ ទុកតែរថយន្តនៅកន្លែង ។

ក្រោយកើតហេតុ នគរបាលជំនាញចុះទៅពិនិត្យស្លាកស្នាម រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយ មានរថយន្ត២គ្រឿង និងម៉ូតូ មួយគ្រឿង នគរបាលវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ស្វាយ ភឿន

Share.