នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះ គណបក្សភឿថៃ ដែលជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះនៅប្រទេសថៃ បានប្រកាសថា ខ្លួនសម្រេចជ្រើសរើសអ្នកស្រី ផែថោងថាន ស៉ីណាវ៉ាត់ត្រា ជាបេក្ខជននាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោក ស្រេតថា ថាវីស៉ីន ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះ។

លោកស្រី ផែថោងថាន ស៉ីណាវ៉ាត់ត្រា បច្ចុប្បន្នគឺជា មេដឹកនាំគណបក្សភឿថៃ វ័យក្មេង ដែលត្រូវជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

យ៉ាងណាម៉ិញ នៅថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋសភាថៃនឹងបើកសម័យប្រជុំពិសេសមួយ ដើម្បីបោះឆ្នោតអនុម័តនាយករដ្ឋមន្រ្តីថ្មី។ ខណៈបណ្តាដៃគូ នៅក្នុងក្រុមចម្រុះ រួមមានគណបក្ស Bhumjaithai និង Palang Pracharath ជាដើម បាននាំគ្នាអះអាងថា ពួកគេនឹងផ្តល់ការគាំទ្រដល់បេក្ខជននាយករដ្ឋមន្រ្តីរបស់ Pheu Thai ក្នុងការបោះឆ្នោតនាថ្ងៃស្អែក។

សូមជម្រាបថា បើតាមនីតិវិធីរបស់រដ្ឋសភាថៃ អ្នកដែលត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រលើសពាក់កណ្ដាល នៃចំនួនសមាជិក រដ្ឋសភាសរុបទាំង៤៩៣រូប ខណៈក្រុមចម្រុះទាំង១១គណបក្សដឹកនាំដោយ Pheu Thai មានសំឡេងនៅក្នុងដៃ ៣១៤អាសនៈ ក្នុងនោះមាន១៤១អាសនៈជារបស់ Pheu Thai៕

