បាងកក៖ សភារបស់ប្រទេសថៃបានកោះប្រជុំនាថ្ងៃសុក្រ សប្ដាហ៍នេះ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលកូនស្រីពៅរបស់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទំនងជាត្រូវបានតែងតាំងជាមេដឹកនាំប្រទេសថ្មី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo News នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។

លោកស្រី Paetongtarn Shinawatra អាយុ ៣៧ឆ្នាំ បច្ចុប្បន្នជាមេដឹកនាំគណបក្សភឿថៃ។ ប្រសិនបើ លោកស្រី Paetongtarn ត្រូវបានសភាអនុម័តទទួលយកនោះ លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទី២ របស់ប្រទេសថៃ និងជាមេដឹកនាំទី៣ របស់ប្រទេស មកពីគ្រួសារត្រកូល Shinawatra លើសពីនេះ លោកស្រី ក៏នឹងក្លាយជាមេដឹកនាំក្មេងជាងគេរបស់ប្រទេសផងដែរ។



បើតាមនីតិវិធីរបស់រដ្ឋសភាថៃ អ្នកដែលត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រលើសពាក់កណ្ដាល នៃចំនួនសមាជិក រដ្ឋសភាសរុបទាំង៤៩៣រូប ខណៈក្រុមចម្រុះទាំង១១គណបក្ស ដឹកនាំដោយ Pheu Thai មានសំឡេងនៅក្នុងដៃ ៣១៤អាសនៈ ក្នុងនោះមាន១៤១អាសនៈជារបស់ Pheu Thai។

ការតែងតាំងរបស់លោកស្រី Paetongtarn បានធ្វើឡើងបន្ទាប់ពីការដកតំណែងនាយករដ្ឋមន្ត្រីលោកស្រី Srettha Thavisin កាលពីថ្ងៃពុធ ដោយលោកបានកាន់តំណែងបានមិនដល់ ១ឆ្នាំផង បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចចេញសាលក្រម ដកតំណែងលោក ស្រេតថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីថៃ ដោយសារការបំពានរដ្ឋធម្មនុញ្ញតាមរយៈការតែងតាំងមេធាវីមួយរូប មានប្រវត្តិជាប់ពន្ធនាគារ ឱ្យកាន់តំណែងជារដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តីរបស់លោក។


សូមជម្រាបថា វាជាសេចក្តីសម្រេចដ៏ធំទី២ ក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យនយោបាយថៃ មានការរង្គោះរង្គើ និងធ្វើឱ្យនយោបាយថៃ មានភាពមិនប្រាកដប្រជា ដោយសារកាលពីសប្ដាហ៍មុន តុលាការធម្មនុញ្ញាថៃ បានរំលាយគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) និងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់បក្សចំនួន ១១នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំផងដែរ៕

