សិល្បៈជាតិ៖ ក្រុមគ្រួសារតារាចម្រៀង ស៊ូ ស៊ីរីកា និងក្រុមគ្រួសារអតីតតារាកំប្លែងជើងចាស់ ជុំ រស្មី ហៅ ស្រីទូច បានចេញមុខប្រកាសនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននៅថ្ងៃទី ១៣ សីហា ២០២៤ ថា ពេលនេះក្រុមគ្រួសារលោកស្រី បានទទួលបានពន្លឺយុត្តិធម៌ និងព្រមបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃដើម្បីដណ្ដើមមរតកជាមួយឪពុកចុង ដោយមានជួយជ្រោមជ្រែងយ៉ាងមុតមាំពីតុលាការសាលាឧទ្ធរណ៍។

សង្រ្គាមដណ្ដើមមរតករវាងអតីតតារាកំប្លែងនិងសម្តែងជើងចាស់ អ្នកស្រី ជុំ រស្មី ហៅ ស្រីទូច ជាមួយនិងឪពុកចុងរបស់ខ្លួនបានអូសបន្លាយពេលវេលាយ៉ាងរុំារ៉ៃមកជាង ២ ឆ្នាំហើយ រហូតដល់លើកចុងក្រោយនេះ មានការប្ដឹងផ្ដល់គ្នាឡើងដល់សាលាឧទ្ធរណ៍ថែមទៀត។
យ៉ាងណាមិញ សេចក្ដីសម្រេចក៏មានការព្រមព្រៀងចរចារសម្របសម្រួលគ្នា ដែលទីបំផុតលោកស្រី ជុំ រស្មី ឬតារាកំប្លែង ស្រីទូច បានប្រកាសថាក្រុមគ្រួសាររបស់ខ្លួនទទួលបានពន្លឺយុត្តិធម៌ ដោយមានការស្នើសុំទៅកាន់ភាគីខាងឪពុកចុងមួយចំនួន។
ជាមួយគ្នានេះដែរ តារាចម្រៀង ស៊ូ ស៊ីរីកា ត្រូវជាក្មួយស្រីលោកស្រី ជុំ រស្មី និងត្រូវជាចៅស្រីលោកយាយ កែវ មុន្ថា ក៏បានប្រកាសចង់ចូលផ្ទះដែលជាកេរ្ដិ៍មរតករបស់លោកយាយដើម្បីទាមទារយករបស់មានតម្លៃរបស់ខ្លួនមកវិញ ។

សូមជម្រាបថា ក្រុមគ្រួសារអតីតតារាកំប្លែងជើងចាស់ ជុំ រស្មី ហៅ ស្រីទូច និងក្រុមគ្រួសារតារាចម្រៀង ស៊ូ ស៊ីរីកា ដែលជាអ្នកស្នងមរតករបស់លោកយាយ កែវ មុន្ថា ក៏បានថ្លែងអំណរគុណយ៉ាងអស់ពីទំហំចិត្តចំពោះឯកឧត្ដម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ដែលបានខ្នះខ្នែងស្វែករកពន្លឺយុត្តិធម៌ជូនក្រុមគ្រួសាររបស់លោកស្រី និងបានបញ្ចប់បញ្ហាទំនាស់ខាងលើនេះប្រកបដោយសន្តិវិធី និងប្រសិទ្ធភាពផងដែរ៕

