ក្លិបកីឡាបាល់ទាត់វិសាខា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយភេសជ្ជ:ប៉ូវកម្លាំង M-150 នៅកីឡដ្ឋានព្រីនស៍ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រ និងរួមចំណែកអភិវឌ្ឍធនធានកីឡាករជាមួយក្លិប ក៏ដូចជាវិស័យកីឡាបាល់ទាត់ជាតិផងដែរ។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពពីលោក សូរ មុនីរតន៍ អនុប្រធានក្លិបកីឡាបាល់ទាត់ វិសាខា និងមានការអញ្ជើញចុះហត្ថលេខាពីកញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិប និងលោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស សុី ត្រេឌីងដែលជាក្រុមហ៊ុននាំចូល ចែកចាយផ្តាច់មុខភេសជ្ជ:ប៉ូវកម្លាំង M-150 នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏មានការចូលរួមជាសក្ខីភាពពីគណៈគ្រប់គ្រង និងកីឡាករ-កីឡាការិនីជាចច្រើនផងដែរ ។
ថ្លែងនាឱកាសនោះ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដៃគូសហការឧបត្ថម្ភថ្មី M-150 ជាមួយកិច្ចសហការយូរអង្វែងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤-២០២៩ ស្របពេលក្លិបកំពុងស្វែងរកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ដើម្បីជួយទ្រទ្រង់ក្លិប ក៏ដូចជារួមចំណែកអភិវឌ្ឍធនធានកីឡាករគ្រប់កម្រិត ពីក្រុមយុវជនថ្នាល រហូតដល់ក្រុមឈុតធំ ព្រមទាំងក្រុមបាល់ទាត់នារីផង។

កញ្ញាបន្ដថា «កិច្ចសហការនេះ ពិតជាល្អមែនទែន ដោយសារពួកយើង អាចសហការជាមួយគ្នាយូរអង្វែង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍបាល់ទាត់ ។ កន្លងមក M-150 ធ្លាប់ឧបត្ថម្ភនៅក្រៅស្រុក និងកីឡាជាច្រើននៅក្នុងស្រុក ហើយឥលូវនេះ ពួកគាត់ពង្រីកការគាំទ្រដោយបានឧបត្ថម្ភក្លិបកីឡាបាល់ទាត់វិសាខា ព្រោះពួកយើងមានចក្ខុវិស័យដូចគ្នា ។ ពួកយើងមិនត្រឹមតែផ្ដោតលើការប្រកួតប្រជែងជ័យជម្នះនោះទេ តែយើងក៏ផ្ដោតបន្ថែមលើការអភិវឌ្ឍទាំងថ្នាល កីឡាការិនី រហូតដល់ក្រុមធំដែរ ។ ការណ៍នេះហើយ ទើបពួកយើងឈានដល់ការចុះ MOU ពេលនេះ» ។
ថ្នាក់ដឹកនាំអតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នាដដែលបន្ដថា ការបណ្ដាក់ទុនពីវិស័យឯកជន គឺជាការរួមចំណែកដ៏ធំ ក្នុងការអភិវឌ្ឍក្លិប និងវិស័យបាល់ទាត់ ។ ដូច្នេះកញ្ញាសង្ឃឹមថា នឹងមានក្រុមហ៊ុនផ្សេងៗទៀត ដែលមានចំណាប់អារម្មណ៍ចង់សហការជាមួយវិស័យកីឡា មិនថាក្លិបបាល់ទាត់ ឬវិស័យកីឡាផ្សេងៗនោះទេ នឹងចូលរួមគាំទ្រឲ្យបានច្រើន ដើម្បីផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិ ក៏ដូចជាប្រកួតប្រជែងលើឆាកអន្ដរជាតិជាដើម។

បន្ថែមលើនេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា ក៏បានសំណូមពរឲ្យអ្នកគាំទ្រ បន្ដចូលរួមទស្សនា និងលើកទឹកចិត្តផ្ទាល់នៅតាមកីឡដ្ឋាន ទាំងក្លិប និងក្រុមជម្រើសជាតិ ព្រោះវត្តមានអ្នកគាំទ្រ គឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានមួយ ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន ព្រោះបើមានអ្នកគាំទ្រច្រើន នោះក្រុមហ៊ុន ឬវិស័យឯកជននានា ក៏នឹងចាប់អារម្មណ៍ ហើយចូលរួមឧបត្ថម្ភគាំទ្រកាន់តែច្រើនផងដែរ ៕




