ស្ដុកខុល៖ ប្រទេសស៊ុយអែតនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានប្រកាសពីករណីដំបូងនៅខាងក្រៅទ្វីបអាហ្រ្វិក ដែលរីករាលដាលជំងឺ mpox ឬអុតស្វា ដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈជាសកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។

ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសនេះ បានបញ្ជាក់ប្រាប់ AFP ថា វាគឺជាប្រភេទវីរុសដូចគ្នា ដែលបានរីករាលដាលនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវបានគេស្គាល់ថាជា subclade clade 1b ។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សម្នាក់ដែលបានស្វែងរកការព្យាបាលនៅទីក្រុង Stockholm ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺ mpox ប្រភេទ clade I ជា ករណីដំបូងដែលបង្កឡើងដោយ clade I ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅខាងក្រៅទ្វីបអាហ្រ្វិក។

បើតាមការឱ្យដឹងពីមន្រ្តីពាក់ព័ន្ធ បានឱ្យដឹងថា អ្នកជំងឺបានឆ្លងជំងឺនេះ ពេលធ្វើដំណើរទៅកាន់ផ្នែកនៃទ្វីបអាហ្វ្រិក ដែលជាកន្លែងមានការផ្ទុះឡើងដ៏ខ្លាំងក្លានៃជំងឺ Mpox Clade I។

សូមជម្រាបថា ការផ្ទុះឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានសម្លាប់មនុស្ស ៥៤៨នាក់ចាប់តាំងពីដើមឆ្នាំ២០២៤ នេះ។ ខណៈ WHO បានប្រកាសពីការផ្ទុះឡើងនៅក្នុង DRC និងប្រទេសជិតខាងជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិកាលពីថ្ងៃពុធ សប្ដាហ៍នេះផងដែរ៕

