សិល្បៈជាតិ៖ នៅ​ព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ នេះ សមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-ការិនី​គ្រប់​ផ្នែកទៅចូលរួមបង្ហាញផ្ទាំងទស្សនីយភាពចម្រុះនៅឯមុខប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ «ស្នាម​ញញឹម​នៃ​កម្ពុជា​» ដែលព្រឹត្តិការណ៍ជាការរួមគ្នាជំរុញលើកស្ទួយវិស័យទេសចរណ៍និងវប្បធម៌ ផ្ដល់​ស្នាម​ញញឹម​ទៅកាន់​ពិភព​លោក​។

នៅក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នេះដែរ ក៏មានការរៀបចំកម្មវិធី​ពិព័រណ៍​​ម្ហូប​អាហារ ​​នំចំណី ផ្លែឈើ និង​ ភេសជ្ជៈ​បែប​ខ្មែរ​ នៅខាងមុខប្រាសាទអង្គរវត្ត ព្រមទាំង​ការ​ប្រគំ​​តន្ត្រី​ខា្នតតូច សំឡេង​ស្រាល ការសម្តែង​​ផ្ទាំង​ទស្សនីយ​ភាព​សិល្បៈ​ផ្សេង​ៗ​​ជា​ច្រើន​ទម្រង់ អម​ដោយ​ការ​អត្ថាធិប្បាយ​ពី​ពិធីករ​ពិធីការិនី​ល្បីៗ ដើម្បី​ជា​កិច្ច​ស្វាគមន៍ ​និង​ ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​​ភ្ញៀវ​ទេសចរជាតិ និង​ អន្តរជាតិ។

ជាមួយការរៀបចំនូវព្រឹត្តិការណ៍ដ៏ធំនេះដែរ លោកជំទាវ ម៉ៅ ចំណាន បានមានប្រសាសន៍ថា «ស្នាមញញឹមនៃកម្ពុជា» គឺជា​ព្រឹត្តិការណ៍​ដែល​សិល្បករ​ សិល្បការិនី ​​បុគ្គល​ដែល​មាន​ឈ្មោះ​ល្បី​នៅ​លើ​បណ្តាញ​សង្គម​ និង​អ្នក​ជំនាញ​បង្កើត​មាតិកា​ល្អៗ​​ មកជួបជុំគ្នា​​​នៅ​លើ​ដែន​ដី​អង្គរ​តែ​មួយ​ ក្នុង​បំណង​រួម​គ្នា ​ផលិតមាតិកា​វីដេអូ​ខ្លីៗ ស្តី​អំពី​សុជីវ​ធម៌ វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ ប្រាង្គប្រាសាទ និង​តំបន់ទេសចរណ៍​ល្បី​ៗ​ក្នុង​តំបន់​អង្គរ ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​​ វប្បធម៌​ធម្ម​ជាតិ​របស់​កម្ពុជា ទៅ​កាន់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ តាម​រយៈការផ្សព្វផ្សាយវីដេអូ ដែលផលិតបាន នៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន​នៅ​កម្ពុជា និងការផុសវីដេអូទាំងនោះជាលក្ខណៈអន្តរជាតិ នៅលើបណ្តាញសង្គមនានា ដូចជា យូធូប ហ្វេសប៊ុក តិកតុក ជាដើម។

លោក​ជំទាវ​ប្រធាន​សមាគម​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ពួកយើង​រួម​គ្នាគិត រួម​គ្នា​ធ្វើ ក្នុង​គោលបំណង​​រួម​មួយ គឺ ជំរុញ និងលើកតម្កើង​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា ស្រប​ទៅតាម​គោលនយោបាយអទិភាព​របស់​​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​ដ៏​ឆ្នើម​។

គួរបញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» បាន​ប្រព្រឹត្តទៅរយៈ​ពេល​៤​ថ្ងៃ ពោលគឺ​ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែ​សីហា ជា​ថ្ងៃ​ដែល​សិល្បករ​ សិល្បការិនី ​អ្នក​ជំនាញ​​ផលិត​មាតិកា​ជា​ច្រើន​ទៀត ​ធ្វើ​ការ​ផលិត​វីដេអូ​ថ្មីៗទៅ​តាម​គំនិត ទស្សនៈ និង​ជំនាញ​របស់​ពួក​គេ លើប្រធាន​បទ ទេសចរណ៍វប្បធម៌ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​យ៉ាង​ល្អិត​ល្អន់ មុន​នឹង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​។

សូមជម្រាបបន្ថែមថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» បានរៀបចំចាប់ពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ដោយព្រឹត្តិការណ៍ដ៏ពិសេសនេះបានជំរុញនិងជួយផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នៅលើទឹកដីខេត្តសៀមរាប៕

https://troryorng.com/
Share.