កញ្ញា ប្លុង ពេជ្រអក្ខរា ដែលជាអជ្ញាកណ្តាលនារីកម្ពុជា បានធ្វើតេស្ដអាជ្ញាកណ្ដាលកម្រិតខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី សម្រាប់ឆ្នាំ ២០២៥ ក្នុងវគ្គ AFC ELITE Women Referees And Assistant Referees Seminar ) នៅទីស្នាកការកណ្តាល ក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅដោយជោគជ័យ។

Screenshot

គ្រប់មន្រ្តីអាជ្ញាកណ្ដាល ដែលជាប់ក្នុងវគ្គ AFC Elite គឺជាអាជ្ញាកណ្ដាលកម្រិតខ្ពស់ប្រចាំអាស៊ី ហើយ​អាច​ដឹកនាំការ​ប្រកួតទាំងអស់ក្នុងទ្វីបអាស៊ី ដែលរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ី ឬហៅកាត់ថា AFC បើសិនបើ ពេជ្រអក្ខរា មានការរីកចម្រើនខ្លាំង នោះរូបគាត់អាចនឹងត្រូវជ្រើសជាអាជ្ញាកណ្ថាល ដឹកនាំការប្រកួតពានរង្វាន់កម្រិតពិភពលោកបាន ដូចជាពានរង្វាន់ World Cup ផ្នែកនារីជាដើម ។

Screenshot

កញ្ញា ប្លុង ពេជ្រអក្ខរា បានប្រាប់មកកាន់សារព័ត៌មានត្រយង ថា៖ « ខ្ញុំតាំងចិត្តថាបេីបន្តជាប់អាជ្ញាកណ្ដាលកម្រិត AFC Elite ខ្ញុំនឹងខិតខំចាប់យកឱកាសដើម្បីអភិវឌ្ឍន៍ ខ្លួនឱ្យបានច្រេីន ហេីយនឹងបន្តបង្ហាញឱ្យប្រទេសដទៃផ្សេងទៀតថាប្រទេសកម្ពុជា ក៏មានអាជ្ញាកណ្ដាលស្រ្ដីជាប់ AFC Elite ដែលបានដឹកនាំការប្រកួតអន្តជាតិ​នាៗ​ផង​ដែរ»។

អក្ខរា បានបន្តទៀតថា៖ « ខ្ញុំនឹងខិតខំបន្តបង្ហាញទង់ជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ធំៗទៀតផងដែលតាមរយះរូបនាងខ្ញុំដែលជាអាជ្ញាកណ្ដាលស្រ្ដីខ្មែរ មួយរូបដែលកំពុងបង្ហាញខ្លួនដឹងនាំការប្រកួតនោះផងដែរ»។

ស្ត្រីមានកំណើតនៅខេត្តកណ្ដាល រូបនេះធ្លាប់បានដឹកនាំការប្រកួតពានរង្វាន់ធំៗជាច្រើនមានដូចជា៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ និងពានរង្វាន់ AFC Women 2023 វគ្គជម្រុះក្នុងពូលជាដើម៕

Share.