មហោស្រពអក្សរសិល្ប៍ខ្មែរ បានរៀបចំកម្មវិធី “ប្រកួតប្រជែងការបកប្រែអក្សរសិល្ប៍” ទៅកាន់សាធារណជនដែលចង់សាកល្បងសមត្ថភាពនៃការបកប្រែរបស់ខ្លួន និងជំរុញភាពសម្បូរបែបនៃអក្សរសិល្ប៍សម្រាប់អ្នកអានកម្ពុជាផងដែរ។
លោកស្រី សូ ភីណា សហស្ថាបនិកនៃមហោស្រពអក្សរសិល្ប៍ខ្មែរ និងជាសហស្ថាបនិកនៃគ្រឹះស្ថានកម្ពុមេរា បានលើកឡើងថា « ខ្ញុំមានបំណងស្ទង់មើល និងសាកល្បងអំពីចំណាប់អារម្មណ៍ និងទេពកោសល្យនៃការបកប្រែអក្សរសិល្ប៍ក្នុងសហគមន៍អ្នកចូលចិត្តវិស័យអក្សរសិល្ប៍នៅកម្ពុជា។ ខ្ញុំសង្កេតឃើញថា ការប្រែសម្រួលអក្សរសិល្ប៍ល្អៗពីបរទេសមកជាភាសាខ្មែរ មានយ៉ាងសម្បូរបែបកាលពីមុនសម័យខ្មែរក្រហម ក្រោយមក សំណៅបកប្រែទាំងនោះនៅតែពេញនិយម និងទទួលបានការកោតសរសើរពីសំណាក់អ្នកអាន។» លោកស្រីបញ្ជាក់ទៀតថា អក្សរសិល្ប៍បកប្រែដែលល្អ គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់អ្នកអាន ព្រោះពួកយើងអាចឈ្វេងយល់ពីសង្គមវប្បធម៌មួយផ្សេងទៀត ដែលខុសប្លែកពីយើង។ ការយល់ដឹង និងគោរពដល់វប្បធម៌ផ្សេងគ្នានេះហើយ ដែលនាំឲ្យមានចំណេះសាកល និងសន្តិភាពសម្រាប់ពិភពលោក។

លោកស្រីបានបន្ថែមទៀតថា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ដល់ចលនាបកប្រែអក្សរសិល្ប៍ (ទាំងអក្សរសិល្ប៍បរទេសមកជាភាសាខ្មែរ និងទាំងភាសាទៅភាសាបរទេស) ផងនោះ មហោស្រពអក្សរសិល្ប៍ខ្មែរក៏បង្កើតប្រធានបទស្នូល «សិល្បៈនៃការបកប្រែអក្សរសិល្ប៍» និងបានរៀបចំកម្មវិធីប្រឡងស្នាដៃបកប្រែអក្សរសិល្ប៍នេះឡើង។
កញ្ញា ងួន ស៊ីវងីម ដែលជាអ្នកនិពន្ធផ្នែកធុរកិច្ច និង ជាគណៈកម្មាការម្នាក់ក្នុងចំណោមគណៈកម្មាការ២រូបទៀត ការដាក់ពិន្ទុលើស្នាដៃបកប្រែអក្សរសិល្ប៍ដែលយើងធ្វើសម្រាប់មហោស្រពអក្សរសិល្ប៍ឆ្នាំខ្មែរឆ្នាំ2021នេះ គឺផ្អែកលើ៣ចំណុចធំៗ គឺ អត្ថន័យដើម ភាពច្នៃប្រតិដ្ឋ និងអក្ខរាវិរុទ្ធ ដែលទាមទារឱ្យអ្នកបកប្រែត្រូវមានសមត្ថភាពក្នុងការរក្សាអត្ថន័យដើមរបស់អ្នកនិពន្ធ ហើយចេះជ្រើសរើសពាក្យពេចន៍មានន័យគ្រប់គ្រាន់មកប្រើក្នុងភាសាខ្មែរយើង និងសរសេរអក្ខរាវិរុទ្ធត្រឹមត្រូវតាមវចនានុក្រម សម្តេចសង្ឃ ជួន ណាត។

គណៈកម្មាការដាក់ពិន្ទុស្នាដៃបកប្រែរូបនេះបានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ដើម្បីបកប្រែស្នាដៃមួយឱ្យមានគុណភាព អ្នកបកប្រែគួរមានយ៉ាងតិច៤ចំណុច ដំបូងគឺយើងត្រូវមានចំណេះដឹងផ្នែកភាសាបរទេសដែលត្រូវបកប្រែ ទីពីរគឺត្រូវមានចំណេះដឹងភាសាជាតិរបស់ខ្លួនឱ្យបានជ្រៅជ្រះ ទីបីគឺសមត្ថភាពយល់ពីបំណង ឬសារសំខាន់របស់អ្នកនិពន្ធដែលបង្កប់នៅក្នុងសាច់រឿងនោះ និងទីបួន គឺយល់ពីស្ទីលសរសេររឿងរបស់អ្នកនិពន្ធ ហើយធ្វើការបកប្រែស្នាដៃនោះទៅតាមទេពកោសល្យរបស់អ្នកនិពន្ធ។

ចំពោះការទទួលស្នាដៃបកប្រែវិញ លោក សាន សុធា ដែលជាអ្នកសម្របសម្រួលកម្មវិធី ប្រកួតប្រជែងបកប្រែអក្សរសិល្ប៍បានឱ្យដឹងថាដើម្បីធានានូវតម្លាភាព និងសុក្រឹតភាពដល់បេក្ខជនដែលចូលរួមប្រកួតប្រជែងបកប្រែស្នាដៃ គឺអ្នករៀបចំកម្មវិធីនឹងមាននូវលេខរៀងសម្រាប់បេក្ខជន ជំនួសឱ្យអត្តសញ្ញាណពិតរបស់ពួកគេ ពេលប្រគល់ស្នាដៃបកប្រែជូនគណៈកម្មាការ។ ពោលគឺគណៈតាំងពីដើមការប្រកួត រហូតដល់បញ្ចប់ គណៈកម្មាការ មានសិទ្ធត្រឹមតែអាចដាក់ពិន្ទុ និងចំណងជើងប៉ុណ្ណោះ ហើយក្រោយពីការដាក់ពិន្ទុចប់ នឹងលេខរៀង និងចំណងជើងត្រូវយកមកផ្ទាល់ផ្ទាត់អត្តសញ្ញាណដើម្បីប្រកាសជ័យលាភី។

ជាចុងក្រោយ លោកស្រី សូ ភីណា ដែលជាសហស្ថាបនិកនៃមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកបកប្រែអក្សរសិល្ប៍ គួរយល់ដឹង និងគោរពខ្ជាប់ខ្ជួននូវកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធដើម។
សូមបញ្ជាក់ថា មហោស្រពអក្សរសិល្ប៍ខ្មែរ បានទទួលការអនុញ្ញាតនៅក្នុងការប្រើប្រាស់ ស្នាដៃរឿងខ្លី ដែលមានចំណងជើងថា “Such A Girl” នៅក្នុងកម្រងរឿងខ្លី When The Sky Turns Upside Down និពន្ធដោយជនជាតិឡាវ Dara Viravong Kanlang ដើម្បីយកមកដាក់ប្រកួតប្រជែងបកប្រែនៅក្នុងកម្មវិធី “។ ការចាប់ទទួលស្នាដៃគឺចាប់ផ្តើមពីថ្ងៃទី ១៥ ខែ សីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។ ចំណែកឯកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ៤ សម្រាប់ឆ្នាំ ២០២១ នេះ គឺត្រូវបានប្រារព្ធឡើងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ តុលា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ។

អត្ថបទ៖ គឹម ឌីណា

