សៀមរាប ៖ ម៉ូតូកង់បីមួយគ្រឿង អ្នកបើកបរប្រើប្រាស់ជាតិស្រវឹង បើកបត់ជ្រុលកៀរគ្នាជាមួយរថយន្ត Ford Raptor F150 របស់អ្នកនាង ម៉េង កែវពេជ្ចតា កំពុងបើកបរលើផ្លូវត្រង់ បណ្តាលឱ្យក្រឡាប់បះជើង កាលពីវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅតាមវិថីព្រះសីហមុនី ចំណុចខាងមុខផ្សារទំនើបអាស៊ី ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AI-3145 បើកបរដោយបុរសម្នាក់ ក្នុងសភាពស្រវឹង បើកពីកើតទៅលិច ដល់ផ្លូវបំបែកបត់ទៅជើង ក៏បានកៀរគ្នាជាមួយភាគីរថយន្ត Ford Raptor F150 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា V.DA.117 របស់អ្នកនាង ម៉េង កែវពេជ្ចតា តារាចម្រៀងជើងចាស់ ដែលកំពុងបើកបរលើផ្លូវត្រង់ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឱ្យម៉ូតូកង់បីក្រឡាប់បះជើង មិនមានរងរបួសទេ តែអ្នកបើកបរម៉ូតូកង់បី ចោទប្រកាន់ ថារថយន្តបើកមកកៀរកង់បី ទៅវិញ ទោះជាអ្នកនាង ម៉េង កែវពេជ្ចតា បងប្អូនប្រជាពលរដ្ឋ លើកហេតុផល ព្យាយាមសម្របសម្រួល មិនចង់ឱ្យរឿងវែងឆ្ងាយ រហូតដល់សមត្ថកិច្ចជំនាញចុះទៅអន្តរាគមន៍ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចចុះទៅសម្របសម្រួល ដោយមិនចង់ឱ្យរឿងវែងឆ្ងាយ ចំណាយខាតពេលវេលា អ្នកនាង ម៉េង កែវពេជ្ចតា ជួយដល់អ្នកបើកម៉ូតូកង់បីនូវថវិកាមួយចំនួនដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.