ភ្នំពេញ ៖ រថយន្តPrius មួយគ្រឿងបើកឡើងលើស្ពានលឿនជ្រុលទៅបុកពីក្រោយរថយន្តបែនដឹកខ្សាច់ វិលមួយជុំបើកនឹងបង្កាន់ដៃស្ពាន បណ្តាលឱ្យខ្ទេចមួយកំណាត់មុខ រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅលើស្ពានព្រែកព្នៅ សង្កាត់ព្រែកតាសេក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ គង់ វណ្ណសុភី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្ត្រី ផ្លូវដែក ក្រសួងសាធារណការ និងដឹកជញ្ជូន មានទីលំនៅផ្ទះលេខ២៩ ផ្លូវលេខ២៦៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបើកបររថយន្តPrius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2B-2572 ធ្វើដំណើរតាមមហាវិថីឈ្នះ ឈ្នះ ពីកើតទៅលិច ឡើងឆ្លងស្ពានព្រែកព្នៅ លឿនជ្រុល ទៅបុកពីក្រោយរថយន្តបែនដឹកខ្សាច់ ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-1725 កំពុងបើកឡើងស្ពានពីកើតទៅលិច ស្របទិសគ្នា បណ្តាលឱ្យរថយន្តPrius វិលមួយជុំបោកផ្ទប់នឹងបង្កាន់ដៃស្ពាន ខ្ទេចមួយកំណាត់មុខ រងរបួសធ្ងន់អ្នកបើកបរ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ។ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ច យកទៅរក្សាទូកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

