សិល្បៈជាតិ៖ ថ្មីៗនេះលោក សួន​ ពៅរ័ត្នទ្យា​ បានបង្ហាញមុខជាថ្មីម្ដងទៀត ក្រៅពីអាជីពជាតារាចម្រៀង ក្នុងនាមជាផលិតករនិងជាពិធីករសម្រាប់កម្មវិធីជីកកកាយបទពិសោធន៍ជីវិតតារាសិល្បៈយ៉ាងភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។

មែនទែនទៅ ជឿថាអ្នកគាំទ្រ និងអ្នកចូលចិត្តទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ច្បាស់ជាមុខបេក្ខភាព សួន ពៅរ័ត្នទ្យា ដែលជាអតីតបេក្ខជនរដូវកាលទី ៣ មានភាពក្លាហានហ៊ានបង្ហាញមុខនិយាយពីទស្សនៈ និងច្ឆន្ទៈនៃការបញ្ឈប់នូវការរើសអើងចំពោះ​ភេទ​ទី៣ ជាពិសេសគឺក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬ LGBQ+ នៅឆាកប្រឡងចម្រៀងដ៏ធំមួយនេះ។

លោក សួន ពៅរ័ត្នទ្យា ឬអ្នកលេងបណ្ដាញសង្គមស្គាល់ឈ្មោះថា Ffee បានផលិតកម្មវិធីមួយដែលមានឈ្មោះថា «Broken & Repaired» ដែលមានគោលបំណងចង់គាស់កកាយពីបទពិសោធន៍ជីវិតរបស់តារាសិល្បៈគ្រប់រូបដែលបានចូលរួមជាភ្ញៀវកត្តិយស នឹងមករៀបរាប់ពី៖ ភាពជោគជ័យ ឧសគ្គជីវិត Life-Style ជីវិតគ្រួសារ ការតស៊ូ ការបែកបាក់ ការសេពគប់មិត្ត ការជួសជុលផ្សះផ្សាបេះដូង និងគ្រប់រសជាតិនៃលំអានរបស់ជីវិតក្នុងការរស់នៅក្នុងសង្គមប្រចាំថ្ងៃ។

ប្រាប់មកអ្នកសារព័ត៌មានត្រយង លោក សួន ពៅរ័ត្នទ្យា រៀបរាប់ថា ពីមុនមកលោកគឺជាបុគ្គលិកធ្វើការផ្នែកទីផ្សារឌីជីថលឱ្យក្រុមហ៊ុនឯកជនមួយកន្លែង ប៉ុន្តែដោយសារចិត្តស្រឡាញ់សិល្បៈចម្រៀងខ្លាំងពេក ទើបលោកសម្រេចចិត្តបោះចោលប្រាក់ខែរាប់ពានដុល្លារ មកតាមចាប់ក្ដីស្រម៉ៃជាតារាចម្រៀង។ លោកបន្តថា ត្បិតលោកបរាជ័យក្នុងការប្រកួតចម្រៀងក៏ពិតមែន ប៉ុន្តែមេរៀននេះបានប្រែក្លាយជាបទពិសោធន៍ល្អសម្រាប់លោកបន្តដំណើរលើវិថីសិល្បៈ។

លោក Ffee បានព្យាយាមដុសខាត់សមត្ថភាពខ្លួនបន្ថែមទៀតទាំងលើការច្រៀង និងការផលិតមាតិកានៅលើបណ្ដាញសង្គម រហូតដល់សព្វថ្ងៃនេះមានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ស្គាល់ថាជា អ្នកផលិតមាតិកា និងគាំទ្រអ្វីដែលលោកបានផលិតរាល់ថ្ងៃ រាល់ឃ្លីប។ Ffee បានប្រើសមត្ថភាពមួយនេះឈានមកផលិតជាកម្មវិធីបែប Talk Show នៅលើបណ្ដាញសង្គម និងមានកញ្ញា នៀន នៀន បវរកញ្ញា Miss Star Cambodia 2024 ជាភ្ញៀវពិសេសដំបូងបើកទំព័រកម្មវិធី «Broken & Repaired» ។

ចង់ដឹងថា តើលោក សួន ពៅរ័ត្នទ្យា ហៅ Ffee និង កញ្ញា នៀន នៀន ចូលខ្លួនមកវែកញែកពីរឿងរាប់អ្វីខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

https://troryorng.com/
Share.