ក្លិបកីឡាបាល់ទាត់វិសាខា នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមណាហ្គាវើលដ៏ ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2024/25 សប្ដាហ៍ទី២ វេលាម៉ោង ៦:០០ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅកីឡដ្ឋានព្រីនស៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនៅល្ងាចថ្ងៃសៅរ៍នេះ លោក Kalns Jurgis គ្រូបង្វឹករបស់វិសាខា និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ បានសម្ដែងនូវសេចក្ដីរំភើបរីករាយ សម្រាប់ការប្រកួតដំបូងក្នុងផ្ទះ ហើយក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតដ៏សំខាន់នេះផងដែរ។

លោក Kalns Jurgis បាននិយាយថា៖«ខ្ញុំពិតជារំភើប សម្រាប់ការប្រកួតក្នុងដីដំបូងរបស់យើង ហើយពួកយើងនឹងព្យាយាមលេងឲ្យល្អបំផុត ដើម្បីស្នាមញញឹមក្រុមគ្រួសារវិសាខា ។ ខ្ញុំនឹងបង្ហាញនូវអ្វី ដែលក្រុមមានទៅអ្នកគាំទ្រទាំងអស់គ្នា ។ តាមខ្ញុំដឹងកន្លងមក វិសាខា អត់ដែលឈ្នះណាហ្គាវើលដ៏ ក្នុងដីទេ ហើយយើងតែងតែរបូតគ្រាប់បាល់ជាមួយពួកគាត់ ។ អ៊ីចឹងថ្ងៃស្អែក ខ្ញុំនឹងផ្លាស់ប្ដូរប្រវត្តិសាស្ដ្រទាំងអស់នេះ ។ ពួកយើងនឹងមានការផ្លាស់ប្ដូរច្រើន មិនឲ្យមានប្រវត្តិច្រំដែលទៀតទេ ។ ខ្ញុំសង្ឃឹមថា អ្នកគាំទ្ររបស់យើង នឹងរីករាយជាមួយលទ្ធផលថ្ងៃស្អែក»។

ឆ្លៀតឱកាសនោះដែរ លោកគ្រូ ក៏បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ចំពោះសមាជិកថ្មីមួយចំនួនរបស់វិសាខា ដូចជាកីឡាករ Ramon De Andrade Souza, កីឡាករ Mike Ott និងកីឡាករ Vitalijs Jagodinskis ជាដើម ក្រោយការបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការដំបូង កាលពីសប្ដាហ៍មុន។

ចំពោះខ្សែប្រយុទ្ធប្រេស៊ីល Ramon លោកយល់ឃើញថា៖ «បើយើងមើលការប្រកួតទី១ យើងឃើញគាត់ រាងលេចធ្លោជាងគេ ដោយសារយើងមានកីឡាករកាតក្រហមម្នាក់ ស្របពេលអ្នកដទៃទៀត ពួកគាត់ផ្ដោតលើការការពារ អ៊ីចឹងហើយបានយើងឃើញ Ramon រាងលេចធ្លោ ។ ម្យ៉ាងនេះជាលើកទី១ ដែលគាត់មកប្រកបអាជីពនៅអាស៊ី។ គាត់ត្រូវការពេល ដើម្បីសម្របខ្លួនបន្ថែម។ សព្វថ្ងៃ ក៏គាត់កំពុងសម្របខ្លួនដែរ មានន័យថា គាត់មិនទាន់សម្របបាន ១០០% តែឃើញថា គាត់សម្របខ្លួនបានល្អជាងថ្ងៃដំបូង ដែលគាត់មកដល់។ ខ្ញុំជឿថា គាត់នឹងកាន់តែល្អជាងនេះ ព្រោះរាល់ថ្ងៃ គាត់យល់ពីអ្វីខ្ញុំចង់បាន ហើយខ្ញុំជឿថា ប្រកួតទី២ នេះ គាត់នឹងលេងបានល្អជាងប្រកួតទី១ ។ នៅពេលគាត់កាន់តែលេចធ្លោបែបនេះ ក្រុមផ្សេងទៀត នឹងបារម្ភពីគាត់ច្រើន ។ អ៊ីចឹងពីមួយប្រកួតទៅមួយប្រកួត នឹងធ្វើឲ្យកីឡាករផ្សេងៗក្នុងក្រុមកាន់តែលេចធ្លោដូចគ្នា»។

ចំណែកកីឡាករហ្វីលីពីន Mike Ott លោក Kalns Jurgis លើកឡើងថា៖ Mike ជាសមាជិកចុងក្រោយ ដែលចូលរួមជាមួយពួកយើង ។ សព្វថ្ងៃគាត់អត់ទាន់មានកម្លាំង ១០០% ពេញដូចគេទេ ។ ណាមួយគាត់ត្រូវការពេលវេលាក្នុងការប្រកួតបន្ថែម ដើម្បីសម្របជាមួយបរិយាកាស និងប្រព័ន្ធលេងរបស់យើង ។ ប្រព័ន្ធលេងសព្វថ្ងៃ យើងប្រើគាត់ខុសអ្វីដែលគាត់ធ្លាប់លេង ពីមុនគាត់លេងក្នុងតំណែងលេខ១០ តែឥលូវនេះ គាត់លេងក្នុងទីតាំងផ្សេងៗ។ គាត់មានគុណភាពជាមួយបាល់ គាត់ហ៊ានបញ្ជូន គាត់ក្លាហានជាមួយបាល់ ។ អ៊ីចឹងគាត់ត្រូវការតែពេលលេងឲ្យបានច្រើន ដើម្បីសម្របបានកាន់តែល្អ ហើយប្រហែលជាជើងទី២ ឬឆាប់ ក្រោយសម្រាក FIFA និងចូលវិញ យើងនឹងឃើញ Mike ប្រែប្រួល គាត់នឹងល្អជាងហ្នឹងច្រើន ព្រោះថា Mike អាចជាកីឡាករម្នាក់ ដែលឆ្នើមក្នុងចំណោមកីឡាករឆ្នើមៗផ្សេង នៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា»។

ដោយឡែកពាក់ព័ន្ធនឹងការផ្លាស់ប្ដូរខ្សែការពារ Vitalijs Jagodinskis ត្រឹមវគ្គទី១ កាលពីប្រកួតដំបូងវិញ លោកគ្រូបានពន្យល់ថា៖ «ដោយសារ Jago មានបញ្ហាសុខភាព ថ្ងៃនោះ គាត់ពុលចំណីអាហារ គាត់រាគ និងក្អួតចង្អោរ ៥-៦ដង មុនការប្រកួត តែគាត់នៅតែចង់សាក ទើបខ្ញុំសម្រេចផ្ដល់ឱកាសឲ្យគាត់លេង ១វគ្គ តែក្រោយលេងបាន ៤៥នាទី ដោយឃើញថា គាត់ពិបាកខ្លាំង និងមិនចង់ឲ្យគាត់ពិបាកកាន់តែខ្លាំង ទើបយើងសម្រេចប្ដូរគាត់ចេញ ។ បន្ទាប់មកគាត់ក៏សម្រាកព្យាបាល ៣ថ្ងៃ ហើយថ្ងៃស្អែកនេះ យើងនឹងឃើញ Jago ពេញលេញ ខុសពីការប្រកួតទី១»។

ទន្ទឹមជាមួយគ្នា អ្នកចាំទីរបស់វិសាខា ហ៊ុល គឹមហ៊ុយ ក៏បានលើកឡើងជុំវិញការប្រកួតថ្ងៃស្អែកដែលថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ត ជាមួយការប្រកួតក្នុងផ្ទះដំបូងរបស់ពួកយើង ក្នុងរដូវកាលឆ្នាំ២០២៤/២៥ ។ ពួកយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនេះ ទោះបីជាការប្រកួតមុនយើងមានបញ្ហាខ្លះ ។ ដូច្នេះពួកយើងនឹងកែប្រែក្នុងការប្រកួតថ្ងៃស្អែកនេះ»៕

Share.