ការធ្វើបាតុកម្មដោយសន្ដិវិធី​ គឺអាជ្ញាធរ​នឹង​ចាត់វិធានការការពារ​ ប៉ុន្ដែសកម្មភាព​នៃចេតនារបស់មនុស្សមួយក្ដាប់តូច​មិនមែនត្រឹមតែ​ធ្វើបាតុកម្មធម្មតា​នោះទេ តែជាលេសចង់ផ្ដួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់​ដែលសមត្ថកិច្ច​ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាប។

តាមរយៈសារជាសំឡេង​ចែកចាយតាមបណ្ដាញសង្គម​នៅថ្ងៃទី​​១៧ ខែសីហា ឆ្នាំ​២០២៤នេះ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាន​លើកឡើងថា នគរបាលក្ដី អាជ្ញាធររដ្ឋបាល​ដែនដីគ្រប់លំដាប់ថ្នាក់​ក្ដី បាន​ចាត់វិធានការ​ទប់ស្កាត់​ជនមួយក្ដាប់តូច​បង្ក​ឲ្យ​មានចលាចល​នៅក្នុងសង្គមនេះ គឺមិនមែន​ជាការគាំកំហែងនោះទេ។

សូមចុចអាន៖ អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ៖ គាំទ្រ​ «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដោយហេតុ​ «៣មិន»

«ខ្ញុំសូមបញ្ជាក់ថាប្រសិនបើធ្វើបាតុកម្ម​ដោយសន្ដិវិធី និងស្របច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា​ គឺមិនខុសទាស់ទេ​ គឺអាជ្ញាធរ​មានសមត្ថកិច្ច​មានតែជួយសម្រួល​។ អ្វីទៅជាបាតុកម្មដោយសន្ដិវិធី?​ ពោលគឺបាតុកម្ម​ត្រូវ​រៀបចំលិខិតស្នាម​ស្នើសុំច្បាប់មកអាជ្ញាធរដែនដី ដែលយើងចង់ធ្វើបាតុកម្ម​ ហើយបាតុកម្ម​គឺជាការប្រមូលផ្ដុំគ្នា ហើយដង្ហែក្បួន​ ដើម្បីបញ្ចេញមតិ និងបង្ហាញឆន្ទៈដោយសន្ដិវិធី​។ ត្រឡប់​មកវិញ​សកម្មភាព​ជនមួយក្ដាប់តូច​នៅក្រៅប្រទេស និងនៅក្នុងស្រុកមួយចំនួន​​ បានត្រៀមរៀបចំផែនការគត់មត់​ រៀបចំសម្ភារៈឧបករណ៍បង្កគ្រោះថ្នាក់​​នានា​ ហើយ​នឹងសារញុះញង់​ជំរុញ​ឲ្យមានអំពើហិង្សា​ ដែលការប្រមូល​ផ្ដុំនោះប៉ះជាមួយសមត្ថកិច្ច​។ នេះមិនមែនជាបាតុកម្មនោះទេ គឺជាផែនការកុបកម្ម​ ឈានទៅបម្លែងទៅជា​បដិវត្តពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាល​ ដោយយកលេស​គម្រោង CLV ជាឈ្នាន់នយោបាយ រុញទៅជាបដិវត្តពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់​។ ដូច្នេះ​នគរបាល អាជ្ញាធររដ្ឋបាលដែនដី ជាពិសេស​ក្រសួងមហាផ្ទៃ មានតួនាទី​ភារកិច្ច​ការពារសន្ដិសុខ​ជារួម​ ការពារប្រជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់​ ការពារកម្ពុជា​កុំឲ្យក្រឡាប់ចាក់​ ដោយសារតែជន​ឱកាសនិយម​នៅក្រៅប្រទេស​ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន មិនគិតគូ​អំពីគ្រោះថ្នាក់​អ្នកដែលភ័ន្ដច្រលំ​ចូលរួម​ មិនគិតគូរគ្រោះថ្នាក់ជាតិទាំងមូល​ ដោយគិតគូរតែអំណាចផ្ទាល់ខ្លួនរបស់ក្រុមខ្លួន​​»។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ។

លោកបណ្ឌិតបានបន្ដទៀតថា ក្រសួងមហាផ្ទៃ​បានដាក់ចេញនូវវិធានការ​រៀបរយ និងគត់មត់​ ដោយបានកំណត់នូវមុខសញ្ញាជាបន្ដបន្ទាប់​ ហើយបានបង្ក្រាប​ចាប់ខ្លួន​ប្រតិករ​នៅក្នុងប្រទេសមួយចំនួន​បញ្ជូនទៅកាន់តុលាការ​ចាត់វិធានការតាមច្បាប់​។​

សូមចុចអាន៖ ក្រសួងមហាផ្ទៃ អំពាវនាវសូមកុំឲ្យពលរដ្ឋជឿតាមការញុះញង់របស់ ក្រុមឱកាសនិយមដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

នៅក្នុងផែនការ​ទប់ស្កាត់​ចលានា​របស់ជនមួយក្ដាប់តូច​នោះ លោកបណ្ឌិត ទូច​ សុឃៈ បាន​បញ្ជាក់ពីផែនការរបស់ក្រសួងមហាផ្ទៃ មានសេណារីយ៉ូ​សំខាន់ចំនួន​៣ គឺ​​ទី១​ កងកម្លាំងនគរបាល​រាប់ចាប់តាំងពី​អគ្គស្នងការដ្ឋាន​រហូតមកដល់​ស្នងការរដ្ឋាន អធិការដ្ឋាន ប៉ុស្ដិ៍នគរបាល​ ខាងរដ្ឋបាលស៊ីវិលវិញ​រាប់ចាប់តាំងពី​រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ សង្កាត់​ និងឃុំ និងទី៣ អគ្គពន្ធនាគារ​ គិតចាប់ថ្នាក់ក្រសួង​រហូតដល់ពន្ធនាគារ​រាជធានី ខេត្ត​ គឺត្រៀមលក្ខណៈ​ទប់ស្កាត់បដិវត្តពណ៌​តាមរយៈកុបកម្ម​បង្កើតឡើងដោយក្រុមឱកាសនិយម​​ ដោយយក​គម្រោង CLV ជាលេស​ធ្វើឲ្យមានការភ័ន្ដច្រលំ​ដល់ប្រជាជនទូទៅ និងយុវជនទូទៅ​។

ទាក់ទងនឹងបញ្ហាខាងលើនេះ លោកបណ្ឌិតទូចសុឃៈ បានអំពាវនាវ​ឲ្យ​ក្រុមមេខ្លោងទាំងអស់​មេត្តា​បញ្ឈប់សកម្មភាព​របស់ខ្លួនជាបន្ទាន់​ កុំ​បន្ដញុះញង់​ និងបង្កើតសកម្មភាព​ចលនាបដិវត្តពណ៌ ដែលយកលំនាំតាម​ប្រទេសនេះ ឬប្រទេស​នោះ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន។ ចំពោះក្រុមប្រតិបត្តិករនៅក្នុងប្រទេស សូមមេត្តា​ដកខ្លួន​ ឬ​ចូលខ្លួនមកសារភាព​ គឺសមត្ថកិច្ច​មិនយកទោសអូដំណើរអ្វីនោះទេ​។ ទន្ទឹមនឹងនេះសូមប្រជាពលរដ្ឋ​ទាំង​អស់​កុំចូលរួម​សកម្មភាព​ ហើយចូលរួម​សហការជាមួយសមត្ថកិច្ច​ ដើម្បីផ្ដល់ជាដំណឹង​នូវការប្រមូលផ្ដុំណាមួយ​មកដល់អាជ្ញាធរ​មានសមត្ថកិច្ច​ដែនដី ដើម្បីឈានទៅបង្ក្រាប​ឲ្យទាន់ពេលវេលា​ ហើយ​សូមឲ្យប្រជាពលរដ្ឋ​កុំមានការព្រួយបារម្ភអំពីចលាចលណាមួយកើតឡើង​ ព្រោះថារាជរដ្ឋាភិបាល​មានផែនការការពារ​យ៉ាងគត់មត់​ ហើក្រសួង​មហាផ្ទៃ​ ដែលជាសេនាធិការ​របស់រាជរដ្ឋាភិបាល​ក៏មានផែនការ​ទប់ស្កាត់​និងបង្ក្រាប​ឲ្យទាន់​ពេលវេលា​ដូចគ្នា។ គំរូមានស្រាប់ហើយកាលពីឆ្នាំ ២០១៣-២០១៤ គឺបដិវត្តពណ៌បានកើតឡើង រាជរដ្ឋាភិបាល​បានបង្ក្រាបប្រកបដោយប្រសិទ្ធភាព​ ហើយ​មិនប៉ះពាល់ធំដុំណាមួយ​ទៅដល់​សន្ដិសុខប្រជាពលរដ្ឋ​៕

ខាងក្រោម គឺជាបណ្ដុំរូបភាពកងកម្លាំង ត្រៀមការពារសន្ដិសុខ នៅរាជធានី

Share.