ភ្នំពេញ ៖ ម៉ូតូធុនធំ YAMAHA R15 មួយគ្រឿង ជិះដោយបុរសម្នាក់ លឿនបត់ផ្លូវកោងជ្រុលទៅបុកជាមួយម៉ូតូZOOMER កំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែក២នាក់ប្តីប្រពន្ធរងរបួសស្រាល ។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១និង០៥នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅគន្លងផ្លូវខាងជើងជាប់ស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងម៉ូតូធំម៉ាកYAMAHA R15 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IK-2443 បើកបរដោយឈ្មោះ យឹម ភាព ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ ។ ចំណែកភាគីខាងម៉ូតូZOOMER ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1GF-0643 ជិះគ្នា២នាក់ប្តីប្រពន្ធ រងរបួសស្រាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូធុនធំ ម៉ាកYAMAHA ជិះតាមផ្លូវចោមចៅពីត្បូងទៅជើងល្បឿនលឿន ចុះក្រោមស្ពានអាកាសចោមចៅ បត់ឡើងឆ្ពោះទៅលិចខាងផ្លូវជាតិលេខ៤ ក៏ប៉ុន្តែពេលដែលបត់ឡើងផ្លូវកោង ជ្រុលទៅបុកជាមួយម៉ូតូZOOMER ជិះគ្នា២នាក់ប្តីប្រពន្ធ ដែលកំពុងធ្វើដំណើរ ពីកើតទៅលិច (ផ្លូវសហព័ន្ធរុស្សុី-ផ្លូវជាតិលេខ៤) បណ្តាលឱ្យភាគីខាងម៉ូតូធំរងរបួសធ្ងន់ សន្លប់បាត់ស្មារតី ។


ក្រោយកើតហេតុជនរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវបានក្រុមសង្គ្រោះជួយជូតលាងរបួសហើយសុំទៅផ្ទះ ។ ដោយឡែកមធ្យោបាយ ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ៖ តាតុងសែនជ័យ

