ស្វាយរៀង ៖ រថយន្តTACOMAមួយគ្រឿងបើកបរដោយបុរសជនជាតិចិន បើកល្បឿនលឿន បែកកង់មុខទាញចង្កូតក្រឡាប់ផ្ងារជើងចូលផ្ទះសំអាងការ រងរបួសអ្នកបើកបរ និងខូចខាតផ្ទះ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកTACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-4695 បើកបរដោយបុរសជនជាតិចិន បើកបរល្បឿនលឿនតាមផ្លូវលំក្នុងភូមិ ពីកើតទៅលិច ដល់ចំណុចកើតហេតុ បែកកង់មុខខាងស្តាំ ទាញចង្កូតក្រឡាប់ផ្ងារជើងឡើងលើចូលផ្ទះសំអាងការ រងរបួសស្រាលអ្នកបើកបរ ផ្ទះសំអាងការរងខូចខាត សំណាងល្អម្ចាស់ផ្ទះ រវល់តែនៅខាងក្រោយ ទើបមិនមានរងរបួស ។

ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយតំណាងចេញមុខមកដោះស្រាយ ដោយចេញសងថ្លៃខូចខាតចំនួន២ពាន់ដុល្លារ ទៅឱ្យម្ចាស់ផ្ទះ រួចស្ទូចរថយន្តយកទៅជួសជុល បញ្ចប់រឿង ៕
អត្ថបទ៖ តាតុងសែនជ័យ

