ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូហុងដាឌ្រីមជិះលឿនហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយរថយន្តកំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៤ ម៧ខសាលាសង្កាត់ចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ វណ្ណ រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តក្រចេះ រងរបួសធ្ងន់ ។ ទី២ ឈ្មោះ វ៉ាត សារាយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រងរបួសស្រាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-9450 ឌុបគ្នាពីលិចទៅកើត ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយរថយន្តមួយគ្រឿង បើកពីកើតទៅលិច បត់ឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ រថយន្តមិនបានឈប់ បើកគេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បន្តធ្វើការស្រាវជ្រាវស្វែងរករថយន្តមកដោះស្រាយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.