ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តបានបញ្ចេញកងកម្លាំងជាង១ពាន់ ដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងកិច្ចសហការតំបន់អភិវឌ្ឍន៍ CLV (DTA) ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ។ លទ្ធផលទទួលបានជោគជ័យ ហើយរក្សាសន្តិសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរជូនជាតិមាតុភូមិ។

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា កម្លាំងចម្រុះទាំង៣ មាន. កម្លាំងស្នងការ កម្លាំងកងរាជអាវុធហត្ថ កម្លាំងសឹករង និងកម្លាំងប្រជាការពារភូមិទាំងអស់ក្នុងខេត្ត ដោយមានបទបញ្ជាពី គណៈបញ្ជាការឯកភាពខេត្ត កម្លាំងកិច្ចសហការត្រូវបានដាក់ពង្រាយ២១គោលដៅ គឺទាំង៧ស្រុក/ក្រុង ក្នុងខេត្ត វរៈព្រំដែន និងចំណុចជាប់ព្រំប្រទល់ខេត្ត មានខេត្តក្រចេះ កំពង់ចាម និងព្រៃវែង។

ជាក់ស្តែង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សភាពការណ៍ស្ងប់ស្ងាត់ ប្រជាពលរដ្ឋប្រកបមុខរបររកស៊ីមានសភាពប្រក្រតីធម្មតាដូចសព្វដង ។ កម្លាំងចម្រុះប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅតាមគោលដៅសំខាន់ៗក្នុងខេត្ត ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមប្រឆាំង ដែលប្រើឧបាយកលប្រឆាំងប្រឌិតព័ត៌មាន ប្រើលេសបាត់បង់ទឹកដី កៀរគរមនុស្សឱ្យតវ៉ាប្រឆាំងរឿងទឹកដី រួចគេបង្វែរទៅជាអំពើហិង្សាឆ្លៀតឱកាស ឆក់ប្លន់លួច និងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតឡើងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងខេត្ត មិនមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ៕


អត្ថបទ៖អាចារ្យលាក់

