តារាចម្រៀងវ័យក្មេងដ៏ស្រស់សោភា ដែលធ្លាប់ជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្ម ហង្សមាស បានក្លាយជាតារាចម្រៀងថ្មីរបស់ផលិតកម្មបារមី ក្រោយបាត់មុខពីសិល្បៈជិត១ឆ្នាំ ដោយការបាត់មុខនេះ ត្រូវបានសាមីខ្លួនអះអាងថាកញ្ញាសំងំនៅតែក្នុងបន្ទប់រៀនធ្វើភ្លេងដោយខ្លួនឯង ដើម្បីសរសេរបទដែលខ្លួនពេញចិត្ត ព្រមទាំងអរគុណដល់សមាជិកក្នុងផលិតកម្មដែលបានជួយបង្ហាត់បង្ហាញ និងគាំទ្រដល់កញ្ញា រហូតសម្រេចបានជោគជ័យ។


បើយោងទៅតាមអ្វីដែលកញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ តារាចំណូលប្រចាំផលិតកម្មបារមី បានរៀបរាប់យ៉ាងលម្អិតពីការសម្ងំហ្វឹកហាត់ និង កែប្រែខ្លួនរយៈពេលជិត១ឆ្នាំកន្លងមកនេះយ៉ាងដូច្នេះថា៖ «សួស្តីបងប្អូនទាំងអស់គ្នា! នាងខ្ញុំជឿជាក់ថាម្សិលមិញនេះ អ្នកទាំងអស់គ្នាប្រហែលជាបានទទួលដំណឹងថា នាងខ្ញុំបានក្លាយជាសិល្បការនី នៅក្នុងផលិតកម្មបារមីហើយ។ ខ្ញុំពិតជារីករាយណាស់ ដែលដឹងថាគ្រប់គ្នាអបអរសាទរ និងរង់ចាំបទចម្រៀងថ្មីរបស់ខ្ញុំ ហេីយនាងខ្ញុំពិតជាអរគុណសម្រាប់ការជូនពរទាំងអស់។ សម្រាប់ខ្ញុំផ្ទាល់ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ ហេីយត្រូវការពេលជាយូរក្នុងការអភិវឌ្ឍខ្លួនឯង។ នេះគឺជាហេតុដែលធ្វេីឱ្យខ្ញុំសម្រេចចិត្តផ្អាកពីសិល្បៈជិតមួយឆ្នាំ ដោយសារតែនាងខ្ញុំចង់មានពេលក្នុងការស្វែងយល់ពីខ្លួនឯងច្បាស់ ហេីយសួរខ្លួនឯងថា What does true art mean to me? ហើយអារម្មណ៍បែបណាដែលខ្ញុំចង់បង្ហាញទៅបងប្អូនទាំងអស់គ្នាឱ្យស្គាល់កាន់តែច្បាស់ពី SUZANA។


ក្នុងអំឡុងពេលជិតមួយឆ្នាំនេះ ខ្ញុំបានចេញ ចូលស្ទូឌីយ៉ូរាល់ថ្ងៃ ដោយធ្វើការរៀននិពន្ធចម្រៀងដោយខ្លួនឯងផ្ទាល់ សរសេរបទចម្រៀងដែលចេញពីចិត្ត ទទួលបានការ Training ហេីយមានរឿងជាច្រើនដែលខ្ញុំបានសិក្សា និងកែលម្អខ្លួនឯង និងឆ្លុះបញ្ចាំង ពីខ្លួនខ្ញុំ ថា ខ្ញុំ ជា នរណា? ហេីយក៍អរគុណ បង Laura Mam បង Andrew Tevuth Mam បង Daniel Omens បង Alisha បង Elven Nikolas Arkhipov Anand និង ALL Baramey Production ដែលបានរួមដំណើរជាមួយខ្ញុំ ក្នុងការអភិវឌ្ឍខ្លួនឯង so I can believe in myself ហេីយបង្ហាត់បង្រៀននាងខ្ញុំ and to have positive people around me and make me feel safe រហូតដល់ខ្ញុំអាចរកឃេីញខ្លួនឯងច្បាស់ ហើយក៏អរគុណទៅកាន់គ្រួសារខ្ញុំដូចគ្នាដែលបាន give me a big support រហូតមក។ ជាចុងក្រោយនាងខ្ញុំក៍សូមអរគុណដល់លោកអ៊ុំអគ្គនាយករស្មីហង្សមាស និងផលិតកម្មរស្មីហង្សមាសសម្រាប់អនុស្សាវរីយ និងបទពិសោធន៍ល្អៗជាច្រើនកន្លងមកនៅក្នុងវិស័យមួយនេះ ដែលនាងខ្ញុំនឹងចង់ចាំទុករហូត។ អរគុណបងប្អូនដែលនៅតែស្រលាញ់រងចាំ SUZANA។ ខ្ញុំនឹងព្យាយាមមិនឱ្យអ្នកគាំទ្រខកបំណងឡើយ។ «Stay tuned for my new single! 22.08.24
»

សូមជម្រាបជូនថា កញ្ញា រ៉េត ស៊ូហ្សាណា បានបោះជំហានចូលសិល្បៈក្នុងវ័យ១៦ឆ្នាំ តាមរយៈការចូលរួមប្រកួតប្រជែងកម្មវិធី The Voice Cambodia រដូវកាលទី២ ហើយបើទោះជាប្រឡងចប់ យុវតីក្មេងខ្ចីរូបនេះមិនឈ្នះពាន តែកញ្ញា បានក្លាយជាតារាចម្រៀងកុងត្រា ប្រចាំផលិតកម្ម ហង្សមាស និងរស្មីហង្សមាសចាប់តាំងពីពេលនោះមក៕

