ប៉េកាំង៖ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន បាននិយាយថា នាវាហ្វីលីពីន ដែលមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ខ្លួន បានបើកបំបុកនាវាចិនដោយចេតនា ក្នុងលក្ខណៈគ្មានវិជ្ជាជីវៈ និងគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤។

វីដេអូខ្លីមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ឆ្មាំឆ្នេរសមុទ្រចិន បានបង្ហាញពីការប៉ះទង្គិចគ្នាបានកើតឡើងនៅម៉ោងប្រហែលម៉ោង ៣:២៤នាទីព្រឹកថ្ងៃចន្ទ សប្ដាហ៍នេះ ហើយបានដាក់ស្លាកនាវាចិន ថាជានាវាឆ្មាំឆ្នេរសមុទ្រ។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន បាននិយាយថា នាវាហ្វីលីពីនដដែលនោះ បានចូលដែនទឹកស្ថិតនៅជិតតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal បន្ទាប់ពីត្រូវបានរារាំងមិនឱ្យចូលទៅក្នុងដែនទឹក Sabina Shoal ។
យោងតាមអ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រចិន លោក Gan Yu បាននិយាយថា នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនចំនួន ២គ្រឿង «បានរំលោភបំពានដោយខុសច្បាប់» ចូលទៅក្នុងដែនទឹកដែលនៅជាប់ឆ្នេរ Sabina ដោយគ្មានការអនុញ្ញាតនៅព្រឹកព្រលឹមថ្ងៃច័ន្ទ នេះ។

លោក Gan បាននិយាយដោយសំដៅលើបេសកកម្មផ្គត់ផ្គង់សព្វាវុធរបស់ហ្វីលីពីនចំពោះនាវាដែលចុះចតលើនាវាទី២ នៅតំបន់ថ្មប៉ប្រះទឹក Thomas Shoal ថា «ហ្វីលីពីនបានបង្កបញ្ហាម្តងហើយម្តងទៀត និងបានបំពានលើកិច្ចព្រមព្រៀងរវាងចិន និងហ្វីលីពីន»។
ទាក់ទិននឹងបញ្ហានេះ ឆ្មាំសមុទ្ររបស់ចិនបាននិយាយថា ខ្លួនបានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីន ដោយអនុលោមតាមច្បាប់នៅក្នុងឧប្បត្តិហេតុកាលពីព្រឹកថ្ងៃចន្ទ នេះ ហើយបានព្រមានហ្វីលីពីនឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពាន និងការបង្កហេតុ។

ទន្ទឹមនឹងនោះ ក្រុមការងារជាតិរបស់ទីក្រុងម៉ានីល នៅសមុទ្រហ្វីលីពីនខាងលិច បាននិយាយថា នាវាឆ្មាំឆ្នេរសមុទ្ររបស់ខ្លួនចំនួន ២គ្រឿងបានខូចខាតនៅក្នុងឧប្បត្តិហេតុបុកគ្នាជាមួយនាវាចិនដែលកំពុងធ្វើសមយុទ្ធខុសច្បាប់ និងឈ្លានពាន នៅជិតឆ្នេរ Sabina។
សូមជម្រាបថា ចិន និងហ្វីលីពីន បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយកាលពីខែកក្កដាកន្លងទៅ ក្រោយការប៉ះទង្គិចគ្នាជាហូរហែរក្នុងដែនទឹក ក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាមួយការអនុញ្ញាតឱ្យហ្វីលីពីនអាចដឹកជញ្ជូនការផ្គត់ផ្គង់ចាំបាច់ ទៅឱ្យទាហានហ្វីលីពីនមួយក្រុមតូចដែលកំពុងឈរជើង នៅលើខ្មោចនាវាចម្បាំង មួយគ្រឿង នៅក្នុងតំបន់ថ្មប៉ប្រះទឹកនេះ៕

