សិល្បៈជាតិ៖ លោក ឡៅ ចំរើនរិទ្ធិ ដែលអ្នកគាំទ្រស្គាល់ថាជាអតីតអត្តពលិកឆ្នើមរបស់កម្ពុជាមួយរូប និងជាបងប្រុសរបស់លោក ឡៅ បញ្ហា ម្ចាស់ពាន និងមកុដ Mister Supranational Cambodia ឆ្នាំ ២០២២ បានប្រកាសប្រាប់មហាជន និងផលិតករថា លោកនឹងចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ តាមរយៈសមត្ថភាពសម្ដែងរបស់លោក បន្ទាប់ពីបានបញ្ចប់អាជីពជាអត្តពលិក។


លោក ឡៅ ចំរើនរិទ្ធិ បានបង្ហោះជាសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ « ជម្រាបសួរពុកម៉ែបងប្អូនខ្មែរទាំងអស់គ្នាបាទ ខ្ញុំបាទឈ្មោះ ឡៅ ចំរើនរិទ្ធិ ជាអតីតអត្តពលិកកម្ពុជាមួយរូបនិងជាកូនខ្មែរដែលមានទីកំណើតនៅលើទឹកដីខេត្តសៀមរាប(អង្គវត្ត)។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចូលរួមនៅក្នុងវិស័យភាពយន្តខ្មែរទាំងបែបបូរាណនិងបែបសម័យ។»
លោកបន្តថា «ដោយយោងតាមការសិក្សានិងបទពិសោធន៍ដែលខ្ញុំបាទបានហ្វឹកហាត់កន្លងមកធ្វើឱ្យខ្ញុំជឿជាក់និងមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីចូលរួមក្នុងវិស័យភាពយន្ត។ ចំពោះទេពកោសល្យនិងសមត្ថភាពដែលខ្ញុំមាន ខ្ញុំរង់ចាំឱ្យពុកម៉ែបងប្អូនជាអ្នកវាយតម្លៃនិងផ្ដល់នូវមតិដើម្បីជាការស្ថាបនានិងកែតម្រូវដល់រូបខ្ញុំបាទផ្ទាល់បន្ថែមទៀតទៅតាមភាពជាក់ស្ដែងដែលខ្ញុំបាទនិងបង្ហាញនាពេលខាងមុខឆាប់ៗនេះ។ បាទសូមអរគុណនិងសូមគោរពជម្រាបលា។ »





យ៉ាងណាមិញ ក្រោយការបង្ហោះរបស់លោកដូចរៀបរាប់ខាងលើ អ្នកលេងបណ្ដាញសង្គមទន្ទឹងចាំទស្សនាការបង្ហាញស្នាដៃថ្មីរបស់លោក ជាពិសេសគឺការនាំយកក្បាច់គុនបុរាណខ្មែរទៅសម្ដែងនៅក្នុងភាពយន្ត ដែលជាចំណែកមួយក្នុងការចូលរួមផ្សព្វផ្សាយពីគុនខ្មែរ។ គួររំលឹកដែរថា លោក ឡៅ ចំរើនរិទ្ធ ធ្លាប់ជាអត្តពលិកឆ្នើមរបស់កម្ពុជាមួយរូបដែលលោកធ្លាប់បានឈ្នះមេដាយមាសពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកម្ពុជាឆ្នាំ២០២៣ ក្នុងវិញ្ញាសាក្បាច់គុនបញ្ចសិលា៕

