
ក្រុមជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលTIGER ឆ្នាំ២០២០ ក្លិបតារាមហាហង្ស (Mohahang All Star FC) តំណាងឱ្យកម្ពុជា ចេញទៅចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទាត់ហ្វូតសាលក្លិបកម្រិតតំបន់អាស៊ាន AFF Futsal Club Championship នៅខេត្ត Ratchashima ប្រទេសថៃ ជាមួយក្រុម២មកពីប្រទេសម៉ាឡេស៊ី និង២ក្រុមទៀតជាម្ចាស់ផ្ទះថៃ។
បើតាមការបញ្ជាក់របស់លោក ឃុល ភិរម្យ មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ក្រុមការងារត្រយង ថាក្រុមតារាមហាហង្ស នឹងចេញដំណើរនៅវេលាម៉ោង ៦:២៥នាទីព្រលប់ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រុមនេះដឹកនាំដោយលោក មូល ដារ៉ាវ័ន្ត ជាអ្នកចាត់ការទូទៅ ហើយលោក នៃ ប៊ុនសុភ័ត្រា ជាគ្រូបង្គោល លោក ខៀវ សុវណ្ណរឿន ជាគ្រូជំនួយ។ អ៊ិត ម៉ីម៉ី ជាគ្រូពេទ្យប្រចាំក្រុម និង សេន ប៊ុនហួរ ជាអ្នកថតរូប។
ចំណែកកីឡាករមាន នី វឌ្ឍនៈ, ផ្លុង សុខរក្សា, គីម ហាប់, ង៉ែត សីហា, សៀង សំប៉ង់, អ៊ុក ច័ន្ទភក្ដី, តុង ច័ន្ទមុនី,គន្ធ លន់ដារ៉ូត,លន់ សុធីតារ័ត្ន,អុល ច័ន្ទបូរ៉ា,ធឿន បញ្ញា, ខែក ច័ន្ទសម្បត្តិ,អ៊ឹម សុផានិត្យ និងគីម ប៊ុនរ៉ុង។

មុនចេញដំណើរទៅប្រកួតនៅក្រៅប្រទេស ក្រុមតារាមហាហង្ស បានប្រមូលផ្ដុំជាង១០ថ្ងៃមកហើយ បើទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩ ក្រោមការជួយសម្របសម្រួលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ។
ពានរង្វាន់ AFF Futsal Club Championship រៀបចំនៅខេត្ត Ratchashima ប្រទេសថៃ ពីថ្ងៃទី១៣ដល់១៧ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមនៅសល់ទាំង៥នោះមាន៖
-ក្រុម Port ASM របស់ថៃ
-Freefire Bluewave Chonburi របស់ថៃ
-Mohahang All Star FC របស់កម្ពុជា
-Selangor FA របស់ម៉ាឡេស៊ី
-Pahang Rangers FC របស់ម៉ាឡេស៊ី

ពានរង្វាន់ AFF Futsal Club Championship រៀបចំឡើងដំបូងកាលពីឆ្នាំ២០១៥ ហើយក្នុងនោះក្រុមមកពីប្រទេសថៃ ឈ្នះជើងឯកគ្រប់សម័យកាលដោយក្រុម Port ឈ្នះ៣លើក ក្រុម Bangkok BTS FC និងក្រុម Chonburi Bluewave ម្នាក់១លើក៕
