ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤ បានបិទបញ្ចប់ប្រកបដោយជោគជ័យ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

ពិធីបិទបញ្ចប់ធ្វើឡើង​ក្រោមអធិបតីភាព ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួល​ការងារ​អគ្គ​លេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និង​ជាប្រធាន​គណៈ​កម្មការ​រៀបចំ​ការប្រកួត និង​លោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា នៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ស្ថិតក្នុងសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង១ ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងនោះ​ដែរ​សមាស​ភាពកីឡាករយុវជនជានគរបាលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ចំនួន៥ មានដូចជា៖នគរបាលកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួត, នគរបាលសិង្ហបុរី, នគរបាលម៉ាឡេស៊ី, នគរបាលថៃ និងនគរបាលវៀតណាម ដែលចូលរួមក្នុងក្របខណ្ឌនៃការប្រកួតអន្តរជាតិ។

លើសពីនេះអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ មានចំនួនក្លឹបចូលរួមចំនួន១៣ និងក្លឹប​មកពីក្រសួង រាជធានី-ខេត្ត ចំនួន ១២បានចូលរួមផងដែរ សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡា​ការិនី មានចំនួន ២៩០រូប ដោយប្រកួតលើវិញ្ញាសាធំ៤ ពោលគឺ ការប្រកួតថ្នាក់ជាតិ សម្រាប់​ក្លឹប ចំណុះក្រសួងរាជធានី-ខេត្ត, ការប្រកួតថ្នាក់ជាតិ សម្រាប់​ក្លឹប​ចំណុះ​អគ្គ​នាយ​កដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ, ការប្រកួតគូកិត្តិយស ក្រសួងមហាផ្ទៃ និងការប្រកួតថ្នាក់អន្តរជាតិ (កម្ពុជា, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ និងវៀតណាម) ។

ជាលទ្ធផលក្រោយប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៣ថ្ងៃ ការប្រកួតថ្នាក់អន្តរជាតិ នគរបាលកម្ពុជា ជាម្ចាស់​ផ្ទះកម្ពុជា ទទួលបានមេដាយមាស, នគរបាលថៃ ទទួលបានមេដាយប្រាក់ និង​មេដាយ​សំរឹទ្ធិ​បានទៅលើនគរបាលម៉ាឡេស៊ី។

ចំពោះវិញ្ញាសាការប្រកួតថ្នាក់ជាតិ សម្រាប់ក្លឹបចំណុះអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ លេខ១​បាន​ទៅលើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយឈ្នះមេដាយមាស ១គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង, លេខ​២ បានទៅលើក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដោយឈ្នះមេដាយប្រាក់ ១គ្រឿង និងលេខ៣ បានទៅលើខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ដោយឈ្នះមេដាយមាស ១គ្រឿង និងមេដាយប្រាក់ ១គ្រឿង។

ដោយ​ឡែកការប្រកួតថ្នាក់ជាតិ សម្រាប់ក្លឹបចំណុះក្រសួងរាជធានី-ខេត្ត គឺក្រសួងមហាផ្ទៃ ឈរ​នៅ​លេខ​១ ដោយទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធិ ១គ្រឿង, លេខ២ បានទៅលើក្លឹបយុវជននគរបាលជាតិ ដោយទទួលបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ១គ្រឿង, លេខ៣ បានទៅក្លឹបសមាគមចិន BING ZUE ទទួល​បាន​មេដាយ​មាស ១គ្រឿង និងលេខ៤ បានទៅលើក្លឹបវាយសីខ្លាចាស់ ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង និងលេខ៤ស្ទួន បានទៅលើក្លឹបវាយសីយុវជនខេត្តកណ្ដាល៕

Share.