ស៊ីតស្យូអេស៊ិនស៊ីប ភាពយន្តខ្នាតខ្លីបែប Exclusive ដែលរួមគ្នាសម្ដែងដោយ នីកូ និងកញ្ញា ស៊ីន ជេនី គ្រាន់តែបញ្ចេញ Poster និងតួអង្គសំខាន់ៗភ្លាម ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង មិនត្រឹមតែឈ្មោះដែលប្លែក ប៉ុន្តែតួនីមួយៗ ដែលចូលរួមសម្ដែងសុទ្ធសឹងជាតារាយុវវ័យនិងកំពុងមានប្រជាប្រិយភាព។


បើតាមការរៀបរាប់ពីផេកផ្លូវការរបស់លោក នីកូ ភាពយន្តខ្នាតខ្លីថ្មី ដែលមានចំណងជើងថាជាភាសាអង់គ្លេសថា «សុីតស្យូអេហ្សិនសុីប Situationship» នឹងបរិយាយពីទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ដែលមិនស្គាល់គ្នាសោះ ហើយបានចាប់ផ្ដើមមានអារម្មណ៍ល្អជាមួយគ្នា ប៉ុន្តែចុងក្រោយអ្នកទាំងពីរបានប្រែក្លាយជាមនុស្សមិនដែលស្គាល់គ្នាវិញដដែល។


គ្រាន់តែស្ដាប់ភ្លាម ធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍សោកសៅ ហើយគិតថាភាពយន្តខ្លីថ្មីនេះ ទំនងជាបញ្ចប់បែបសោកសៅ ឬគេនិយមហៅថា Sad Ending ក៏ថាបាន ព្រោះគ្រាន់តែការរៀបរាប់ខ្លីវាបានបង្ហាញឱ្យដឹងទៅហើយ ខណៈដែលអ្នកខ្លះទៀត បានលើកឡើងថា មិនទាន់អាចកាត់សេចក្ដីដោយគ្រាន់តែការរៀបរាប់ខ្លីនោះទេ សំខាន់ត្រូវរងចាំតាមដានរឿងពេញសិន។
ភាពយន្តខ្នាតខ្លី «សុីតស្យូអេហ្សិនសុីប Situationship» មានការចូលរួមសម្ដែងពី លោក នីកូ កញ្ញា ស៊ីន ជេនី កញ្ញា យ៉ូកាម៉ុនរ៉ាត់ កញ្ញា ជេន លោក ណាវីត លោក វីស កញ្ញា លីយ៉ា និង Butterfly។

