សិល្បៈជាតិ៖ វេទិកាប្រកួតបវរកញ្ញាឯកកម្ពុជាឆ្នាំ២០២៤ ឬ Miss Cambodia 2024 បានបញ្ចេញការប្រកួតវិញ្ញាសំខាន់ និងថ្មីសន្លាងមួយទៀតគឺ Keyword Challenge ផ្តល់បទពិសោធន៍ថ្មីដល់បេក្ខនារីទាំង ២១ ហើយបេក្ខនារីដែលមានសមត្ថភាពខ្ពស់ក៏ទទួលបានឱកាសចូលវគ្គ Top 11 ដោយស្វ័យប្រវត្តិតែម្ដង។ ថាតើអ្វីទៅជាវគ្គ Keyword Challenge ?

លោក ប្រាក់ សំណាង គ្រូជំនាញ Soft-Skill និង Advocacy បានប្រាប់នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់អំពីវិញ្ញាសាពិសេសមួយនេះ ដែលជាការបង្ហាញសមត្ថភាពលើវិញ្ញាសាបកស្រាយពាក្យគន្លឹះ ហើយវិញ្ញាសានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងស្ទាបស្ទង់សមត្ថភាពវៃឆ្លាតរបស់បេក្ខភាពបវរកញ្ញាគ្រប់រូប។
សម្រាប់កញ្ញា ងិន ម៉ារ៉ាឌី ដែលជា Miss Universe Cambodia ឆ្នាំ ២០២១ ក៏បានចូលរួមធ្វើជាគណៈកម្មការពិសេសនៅក្នុងការប្រកួតវិញ្ញាសា Keyword Challenge កញ្ញាយល់ឃើញថា បេក្ខនារីទាំង ២១ រូបសុទ្ធតែមានសមត្ថភាព និងចំណេះជំនាញខុសៗគ្នាគួរឱ្យកត់សម្គាល់ខ្លាំងជាងឆ្នាំមុនៗ។

ជាមួយគ្នានេះដែរ លោក ម៉ែន និមលរតន៍ នាយកគ្រប់គ្រងក្រុមហ៊ុនស៊ីអាយអឹម បានចង្អុលបបង្ហាញថា ការរៀបចំការប្រកួតវិញ្ញាសារ Keyword Challenge ជាវិញ្ញាសាថ្មីមួយដែលកម្មវិធីបានដាក់បញ្ចូលក្នុងការប្រកួតនាឆ្នាំនេះ ដើម្បីវាស់ស្ទង់សមត្ថភាពចំណេះដឹង និងភាពក្លាហានរបស់បេក្ខភាពម្នាក់ៗនៅចំពោះមុខគណៈកម្មការជំនាញ ៧ រូប ក៏ដូចជាអ្នកទស្សនាផ្ទាល់ ដើម្បីឱ្យគណៈកម្មការពិនិត្យវិនិច្ឆ័យ ដាក់ពិន្ទុលើការពន្យល់ បកស្រាយរបស់បេក្ខភាព ពោលគឺសំដៅរកបេក្ខភាពដែលពេញដោយភាពក្លាហាន និងចំណេះ ដឹងស៊ីជម្រៅក្នុងវិញ្ញាសា Keyword Challenge នេះ។
ក្រោយចប់ការប្រកួត Keyword Challenge នេះ លោក ម៉ែន និមលរតន៍ សង្ឃឹមថា បណ្តា Fan Page នឹងចូលរួមផ្សព្វផ្សាយពីវិញ្ញាសានេះឱ្យបានច្រើនឡើង ដ្បិតនេះជាវិញ្ញាសារថ្មី ក៏ពិតមែន តែកម្មវិធីទាំងមូលបានច្បិចយកពាក្យគន្លឺះមករៀបចំឡើង ដើម្បីបណ្តុះនូវភាពក្លាហានរបស់បេក្ខនារីក្នុងការនិយាយជាសាធារណៈ ការបង្ហាញនូវចំណេះដឹងទូទៅរបស់ពួកគេ ដោយរំពឹងទុកថា កម្មវិធីនឹងអាចស្វែងរកឃើញអ្នកដែលឆ្លើយពាក្យគន្លឹះបានល្អជាងគេ ដើម្បីទទួលបានឱកាសចូលទៅកាន់ Top 11 ដោយស្វ័យប្រវត្តិនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត កញ្ញាឯកកម្ពុជាឆ្នាំ២០២៤ នេះ។


សូមរំលឹកដែរថា ការប្រកួត Keyword Challenge គឺបានធ្វើឡើងនៅរោងភាពយន្តទំនើបលីជិន សាខាអូឡាំព្យាម៉ល កាលថ្ងៃទី ១៧ សីហា ឆ្នាំ ២០២៤៕

