សិល្បៈជាតិ៖ កញ្ញា ម៉ៃយ៉ា ម្ចាស់មកុដ Miss Queen Cambodia 2022/2023 បានចេញទៅប្រកួតនៅប្រទេសថៃ។ តែថ្មីៗនេះ កញ្ញាទម្លាយអារម្មណ៍បាក់ទឹកចិត្តខ្លាំងបំផុតអំឡុងពេលប្រកួតនៅលើឆាកអន្តរជាតិ ព្រោះប្រទេសជាតិខ្លួនមិនជួយគាំទ្រ។
ម្ចាស់មកុដ Miss Queen Cambodia 2022/2023 រូបនេះបាននិយាយនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ប៉ុស្ដីទូរទស្សន៍ថៃ ដោយរៀបរាប់ជាភាសាអង់គ្លេស និងមានខ្លឹមសារជាភាសាខ្មែរថា ៖ «ខ្ញុំគិតថាខ្ញុំមិនមានសំណាងដូច Queen ដទៃទៀតទាំងអស់នោះទេ ពីព្រោះខ្ញុំមកប្រកួតនៅទីនេះដោយខ្លួនឯង។ ពីក្រោយដំណើររបស់ខ្ញុំពិតជាលំបាកលំបិន ព្រោះថា នៅក្នុងប្រទេសជាតិរបស់ខ្ញុំមិនគាំទ្រខ្ញុំទេ។ ដូច្នោះវាមិនអីនោះទេ ប៉ុន្តែខ្ញុំនៅតែបន្តដំណើរប្រកួតដើម្បីប្រទេសរបស់ខ្ញុំ ហើយខ្ញុំមកទីនេះដើម្បីជាសំឡេងមួយសម្រាប់ស្ត្រីកែភេទ ប្រសិនបើអ្នកចង់បន្តដំណើរនេះ ពិតណាស់យើងនឹងធ្វើវាជាមួយគ្នា»។

ដោយឡែក បន្ទាប់ពីបានឃើញការបង្ហោះព្រោងព្រាតអំពីបទសម្ភាសន៍របស់កញ្ញា ម៉ៃយ៉ា ជាមួយពិធីករសារព័ត៌មានថៃហើយនោះ អ្នកគាំទ្រហាក់ស្រងាកចិត្តជាខ្លាំង និងផ្ដល់ជាពាក្យពេចន៍លើកទឹកចិត្តទៅកាន់ ម៉ៃយ៉ា ស្រៀងៗគ្នាថា ៖ «ស៊ូៗបងខំឱ្យអស់ពីសម្ថភាព បងនឹងអាចចូលTop ជាក់ជាមិនខាន»។
គួររំលឹកដែរថា កញ្ញា ម៉ៃយ៉ា ទទួលបានការចេញថ្លៃសំបុត្រយន្តហោះដោយកញ្ញា នៀន នៀន ម្ចាស់មកុដ Miss star Cambodia 2024 និងបានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី ១០ ខែសីហា ដើម្បីតំណាងជាតិចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Queen International 2024 នៅប្រទេសថៃ។ ថ្វីត្បិតថាចេញដំណើរទៅតែម្នាក់ឯងក៏ពិតមែន ប៉ុន្តែម្ចាស់មកុដ Miss Queen Cambodia 2023 រូបនេះបានត្រៀមខ្លួនជាស្រេចនៅក្នុងការប្រកួតនៅលើឆាកអន្តរជាតិដ៏អស្ចារ្យមួយនេះ។
ម៉ៃយ៉ា ដូចមិនបានបន្ធូរដៃគ្រប់វិញ្ញាសារដែលកម្មវិធីតម្រូវឱ្យបេក្ខភាពបានបញ្ចេញអស់ពីសមត្ថភាព។ ទោះថា ក្នុងកាលៈទេសៈនេះ សាមីខ្លួនបវរញ្ញាហាក់មិនសូវមានកម្លាំងចិត្តក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រ ម៉ៃយ៉ា គ្រប់គ្នាពិតអត់ទ្រាំមិនសរសើរកញ្ញា ម៉ៃយ៉ា មិនបានឡើយ ព្រោះទាំងការបង្ហាញដំណើរ និងការរៀបចំខ្លួនរួមទាំង ការបង្ហាញឈុតតំណាងជាតិ ម៉ែយ៉ា ធ្វើឱ្យគ្រប់គ្នាឃើញពីភាពស្រស់ស្អាតតាំងពីក្បាលដល់ចុងជើងតែម្ដង។


ភាពនឿយហត់របស់កញ្ញា ម៉ៃយ៉ា ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាការលះបង់មួយយ៉ាងធំធេងបំផុត ព្រោះអី ម៉ៃយ៉ា ជាម្ចាស់មកុដទី១សម្រាប់ប្រវត្តិសាស្ត្រ Miss Queen Cambodia ដែលបានដុសខាត់សមត្ថភាពច្រើនឆ្នាំ និងត្រៀមលក្ខណៈពិសេសច្រើនយ៉ាងដើម្បីឆ្ពោះមកបង្ហាញនៅលើឆាកអន្តរជាតិឱ្យគណៈកម្មការអន្តរជាតិលង់ស្រឡាញ់ពេញចិត្ត។ ទោះថា ពេលនេះកញ្ញា ម៉ៃយ៉ា មានអារម្មណ៍ឯកាតែម្នាក់ឯងនៅអំឡុងពេលប្រកួតក្ដី ប៉ុន្តែហ្វេនអ្នកគាំទ្រនៅតែផ្ញើសារផ្ដល់កម្លាំងចិត្តឱ្យកញ្ញាតស៊ូក្នុងការប្រកួតជានិច្ច។
គួររំលឹកដែរថា ការប្រកួត MISS INTERNATIONAL QUEEN 2024 នឹងប្រកួតផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ ខាងមុខ។ អ្នកគាំទ្រគ្រប់គ្នារំពឹងទុកថា ម៉ៃយ៉ា នឹងនាំមុខមាត់ជាតិចូលទៅកាន់វគ្គកំពូលៗ រួមទាំងដណ្ដើមបានមកុដផងដែរ៕

