ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ៧នាក់ ដាក់ពន្ធនាគារព្រៃសម១ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ បទ ទទួលផលចោរកម្ម និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១១សីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២៣:០០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។


ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ និងចាក់សម្លាប់ជនរងគ្រោះកំលុងពេលដេញតាមចាប់ពួកគេ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ២៣Eo ផ្លូវលេខ៣៨ ស្ថិតនៅភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យជាអ្នកទទួលផលចោរកម្មបន្តគ្នាចំនួន៤នាក់បន្ថែមទៀត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិទួលខ្លុង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

គួររំលឹកថា កាលពីថ្ងៃកើតហេតុខាងលើ មានករណីមនុស្សស្លាប់ ប្រើដែកចុងស្រួចចាក់បណ្តាលឱ្យស្លាប់ និងអំពើលួចកាច់បំបែកសោ-ក លួចយកម៉ូតូ មួយបង្កឡើងដោយជនសង្ស័យចំនួន៣នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព កាច់បំបែកសោ-ក លួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត១I-២0៨៩ រួចជិះគេចខ្លួន។

ភ្លាមៗជនរងគ្រោះឃើញ ក៏ស្រែកឆោរឡោឡើង ហើយក៏មានមិត្តភក្តិរបស់ជនរងគ្រោះ២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកស្គុបពី ពណ៌ខ្មៅ ដេញតាមក្រុមជនសង្ស័យ ហើយក៏បានចាប់ទាញជនសង្ស័យបានម្នាក់អង្គុយនៅខាងក្រោយឱ្យធ្លាក់ពីលើម៉ូតូ រួចក៏ចូលទៅវាយប្រតាយប្រតប់ជាមួយជនសង្ស័យម្នាក់នោះ បន្ទាប់មកក៏ត្រូវជនសង្ស័យចាក់មួយដែកចុងស្រួចចំដើមទ្រូងខាងឆ្វេង បណ្តាលឱ្យដួលដេកស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ចំណែកជនសង្ស័យ៣នាក់ បានជិះម៉ូតូដែលលួចបាននោះគេចខ្លួនបាត់៕

អត្ថបទ៖ ចតុម្មុខ

Share.