តាកែវ ៖ ប្រជាពលរដ្ឋចំនួន៣នាក់បានស្លាប់ជាបន្តបន្ទាប់ ចំណែកម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ បន្ទាប់ពីផឹកស្រាថ្នាំ ស្រាប់តែកើតមានអាការៈ ក្អួតចង្អោរ ទន់ដៃជើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះចំនួន៣នាក់បានស្លាប់ ៖ ទី១ ឈ្មោះ ហុឹម ទិត្យ ភេទប្រុស អាយុ៣៨ឆ្នាំ ស្លាប់នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។ ទី២ ឈ្មោះ ងឹម ភា ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។ ទី៣ ឈ្មោះ គឹម សុខលាង ភេទប្រុស អាយុ៤០ឆ្នាំ បានស្លាប់នៅវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ។

ចំណែកម្ចាស់អ្នកលក់ស្រា មានឈ្មោះ គឹម សុខ ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ងិន ណាន់ អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះនាំគ្នាទៅផឹកថ្នាំនៅផ្ទះអ្នកលក់ ដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នា សរុបគ្នា៦នាក់ ហើយក្រោយពីផឹកស្រាថ្នាំរួច ស្រាប់តែមាន៤នាក់ កើតមានអាការៈក្អួតចង្អោរ ទន់ដៃជើង ឃើញសភាពមិនស្រួល ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ស្រាប់តែមានជនរងគ្រោះចំនួន៣នាក់ បានស្លាប់ជាបន្តបន្ទាប់ ចំណែកម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ដែលគេសង្ស័យថាពុលស្រាថ្នាំ ។

ករណីខាងលើ ត្រូវបានសមត្ថកិច្ចចុះទៅស្រាវជ្រាវ ហើយនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចបានឃាត់ខ្លួន ស្ត្រីឈ្មោះ ងិន ណាន់ នាំយកទៅសាកសួរនៅស្នងការខេត្ត ។ ចំណែកស្រា វត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ យកទៅពិនិត្យ ពិសោធន៍ ផងដែរ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.